បង្រ្កាបករណីក្រុមក្មេងទំនើង បង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យ មួយក្រុមទៀត នៅក្រុងព្រះសីហនុ
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធក្រុមក្មេងទំនើងបង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យភ្លាម វេលាម៉ោង ១និង០០នាទី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌចេញស្វែងរក ។
ក្រោយទទួលបានបញ្ជា កម្លាំងល្បាតផែនជិះតាមដងផ្លូវ ដើម្បីការពារ សន្តិសុខ សុវត្តិភាព បានចេញដេញដល់ចំណុចម្តុំផ្លូវឧតុនិយម ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញមានក្មេងទំនើង០១ក្រុម មានគ្នា១២នាក់ ឃាត់ដើម្បីសាកសួរ ។ ពេលនោះពួកគេបានសារភាពថាពិតជាបានបង្ហោះម៉ូតូមែន ដោយធ្លាប់ធ្វើសកម្មភាពបង្កចលាចល សកម្មនៅរាជធានីភ្នំពេញ ហើយបានមកសំរាក១យប់នៅខេត្តកំពតទើបចេញមកដល់ខេត្តព្រះសីហនុនេះ ។ វត្ថុតាងដករហូតពីក្រុមក្មេងទំនើងមានទូរស័ព្ទ ចំនួន ១២ គ្រឿង និងម៉ូតូ០៥គ្រឿង ។
ចំពោះករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំតាមនីតិវិធី ៕