ឯកឧត្ដម សក់ សេដ្ឋា អំពាវនាវឲ្យអង្គបោះឆ្នោតទាំងអស់ ទូទាំងស្រុកបវេល ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានណែនាំឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោតទាំងអស់ ទូទាំងស្រុកបវេល អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ និងសូមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី២ លើសន្លឹកឆ្នោតសម្រាប់ក្រុមប្រឹក្សាខេត្ត បាត់ដំបង និងលំដាប់លេខរៀងទី៣ លើសន្លឹកឆ្នោតសម្រាប់ក្រុមប្រឹក្សាស្រុកបវេលឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង
នៅទីស្នាក់ការគណបក្សស្រុកបវេល នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា សម្រាប់រយៈពេលពីពេលនេះ ដល់ថ្ងៃបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ក្រុមការងារ និង គណបក្សស្រុក និងឃុំនានានៃស្រុកបវេល, អង្គបោះឆ្នោត, បេក្ខជនក្រុមប្រឹក្សាខេត្តបាត់ដំបង បេក្ខជនក្រុមប្រឹក្សាស្រុកបវេលគ្រប់រូប ភ្នាក់ងារគណបក្សដែលចូលសង្កេតមើលការបោះឆ្នោត ព្រមទាំងសកម្មជនទាំងអស់នៃគណបក្សប្រជាជនកម្ពុជាក្នុងស្រុកបវេល ត្រូវរួមគ្នាអនុវត្តនូវផែនការ ការងាររបស់គណបក្សដែលបានកំណត់ និងត្រូវរួមគ្នាគោរពអនុវត្តឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន នូវច្បាប់ បទបញ្ជានីតិវិធីនៃការបោះឆ្នោត និងការណែនាំនានារបស់ គ.ជ.ប ព្រមទាំងចូលរួមថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅរួមគ្នាធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយ លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ។
ជាមួយគ្នានោះដែរក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, ក្នុងនាម សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម សក់ សេដ្ឋា ក៏បានប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេល ចាប់ពីពេលនេះតទៅ និងជូនពរ គណៈអធិបតី ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក សមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមទទួលបាននូវសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ ៕



