អ្នកទេសចរ ៥២នាក់ ពុលអាហារសមុទ្រនៅទីប្រជុំជនឆ្នេរវៀតណាម

វៀតណាម៖ អ្នកទេសចរ ៥២នាក់ក្នុងក្រុមដែលមានមនុស្ស ៧៥០នាក់កំពុងវិស្សមកាលនៅភាគខាងត្បូងខេត្ត Binh Thuan ប្រហែលជាបានទទួលរងការពុលអាហារបន្ទាប់ពីទទួលទានអាហារសមុទ្រនៅភោជនីយដ្ឋាន និងបានជប់លៀងផឹកស៊ីនៅឆ្នេរសមុទ្រ។
នាយកដ្ឋានសុខាភិបាលខេត្ត Binh Thuan បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអ្នកទេសចរមកពីភាគខាងត្បូងប្រទេសវៀតណាម បានស្នាក់នៅរមណីយដ្ឋានឆ្នេរមួយក្នុងទីក្រុង Phan Thiet។ ដំណើរកម្សាន្តរបស់ពួកគេត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក។
ពួកគេបានញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន Hong Vinh កាលពីថ្ងៃអាទិត្យ ចម្ងាយប្រហែល ៤គីឡូម៉ែត្រពីកន្លែងដែលពួកគេស្នាក់នៅ។ មុខម្ហូបរួមមាន អយស្ទ័រ ក្តាម ត្រី មឹក និងអាហារផ្សេងៗទៀត។ ក្រុមបានត្រឡប់មកសណ្ឋាគារវិញដើម្បីសម្រាកនៅម៉ោងប្រហែល៩និង៣០នាទីយប់។ ពួកគេខ្លះទៅឆ្នេរសម្រាប់ជប់លៀងពេលយប់ ដោយកុម្ម៉ង់បង្គា និងអាហារផ្សេងៗ។
នៅព្រឹកថ្ងៃច័ន្ទ មនុស្សមួយចំនួនចាប់ផ្តើមបង្ហាញរោគសញ្ញាដូចជា ឈឺពោះ ចង្អោរ និងរាគ។ ជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីទី១ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Ham Tien ក្នុងទីក្រុងនៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ហើយអ្នកផ្សេងទៀតបានមកដល់គ្លីនិកតំបន់ Mui Ne និងមន្ទីរពេទ្យទូទៅខេត្ត Binh Thuan។
គិតត្រឹមរសៀលថ្ងៃចន្ទនេះ មនុស្ស ៥២នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការធ្វើរោគវិនិច្ឆ័យដំបូងគឺការពុលអាហារ។
អ្នកជំងឺទាំងអស់ដឹងខ្លួន និងមានស្ថេរភាព។ គិតត្រឹមរសៀលនេះ មនុស្ស ៣២នាក់ត្រូវបានរំសាយចេញ ហើយ ២០នាក់ទៀត ត្រូវបានគេរំពឹងថានឹងរំសាយចេញនៅថ្ងៃអង្គារ។
មន្ទីរសុខាភិបាលខេត្ត Binh Thuan កំពុងផ្ទៀងផ្ទាត់ព័ត៌មាន និងយកសំណាក ដើម្បីរកមូលហេតុនៃឧបទ្ទវហេតុនេះ។
ករណីពុលអាហារជាច្រើនត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋានមួយចំនួន រួមមាន Nha Trang, Dong Nai និង HCMC នាពេលថ្មីៗនេះ។ អ្នកជំនាញព្រមានពីហានិភ័យខ្ពស់នៃការពុលអាហារ ដោយសារសីតុណ្ហភាពខ្ពស់ ជាពិសេសអាហារតាមចិញ្ចើមផ្លូវ។
