រដ្ឋមន្ត្រីការបរទេសថៃ ប្រកាសលាលែងពីតំណែងបន្ទាប់ពីបាត់បង់តំណែងជា «ឧបនាយករដ្ឋមន្ត្រី»
បាងកក៖ រដ្ឋាភិបាលថៃបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានប្រកាសលាលែងពីតំណែង បន្ទាប់ពីបាត់បង់តំណែងជា «ឧបនាយករដ្ឋមន្ត្រី» នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បានប្រាប់រ៉យទ័រថា លោកនាយករដ្ឋមន្រ្តី Srettha Thavisin បានទទួលលិខិតលាលែងពីតំណែងរបស់លោក Parnpree Bahiddha-Nukara។
លោកបានបន្ថែមថា ការលាលែងពីតំណែងរបស់លោករដ្ឋមន្ត្រីការបរទេស នឹងមិនប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការបរទេសទេ ដោយសារលេខាធិការអចិន្ត្រៃយ៍ និងមន្ត្រីរបស់ក្រសួងការបរទេសអាចធ្វើការជំនួសបាន។
ខុទ្ទកាល័យថ្មីរបស់លោកនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានគាំទ្រដោយព្រះមហាក្សត្រថៃ និងបានចុះផ្សាយក្នុង Royal Gazette ជាផ្លូវការ បានបង្ហាញថាលោក Parnpree Bahiddha-Nukara ស្ថិតក្នុងបញ្ជីត្រឹមតែជារដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ មិនមែនជាឧបនាយករដ្ឋមន្ត្រីទៀតទេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លិខិតលាលែងពីតំណែងរបស់លោក Parnpree Bahiddha-Nukara បានបញ្ជាក់ថា លោកជឿថា ការដកលោកចេញពីតំណែងឧបនាយករដ្ឋមន្ត្រី គឺមិនមែនដោយសារតែការងាររបស់លោកនោះទេ។