សង្ក្រាន្តស្រុកទឹកឈូ នឹងជួយទាក់ទាញទេសចរឲ្យមកលេងឆ្នេរកោះស្មៅច្រើន នាឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ អាជ្ញាធរស្រុកទឹកឈូ បានបញ្ជាក់ថា ផ្អែកតាមការណែនាំរបស់ឯកឧត្តម អភិបាលខេត្ត រដ្ឋបាលស្រុកបានរៀបចំទីតាំងធ្វើ សង្ក្រាន្តទឹកឈូ នៅបរិវេណឆ្នេរកោះស្មៅ ក្នុងគោលបំណងផ្តល់នូវភាពសប្បាយរីករាយ ដល់ពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិសេសដើម្បីបង្ហាញវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសត្តានុពលតំបន់ឆ្នេរឲ្យគេបានស្គាល់ និងមកលេងកាន់តែច្រើន។
អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ធសោធន បានប្រាប់ឲ្យដឹងថា ការៀបចំទីតាំងសង្ក្រាន្តទឹកឈូ នៅឆ្នេរកោះស្មៅមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ និង១៥ ខែមេសា ចាប់ពីម៉ោង ៤ ដល់ ម៉ោង៧ល្ងាច។ កម្មវិធីសង្ក្រាន្តមានដូចជា ការរាំស្គរដៃ ការសម្តែងគុនល្បុក្កតោ ប្រលងចំរៀងប្រពៃណី និងលេងល្បែងប្រជាប្រិយផ្សេងៗជាដើម។ ចំពោះការរៀបចំគិតមកដល់ពេលនេះ សម្រេចបានរង្វង់៤០% ហើយការរៀបចំនឹងបញ្ជាប់ទាំងស្រុងនៅថ្ងៃស្អែក។
ចំពោះការជ្រើសរើសទីតាំងធ្វើសង្ក្រាន្តនៅឆ្នេរកោះស្មៅនេះ ដើម្បីបង្ហាញសិល្បៈ និងល្បែងប្រជាប្រិយខ្មែរ ដល់យុវជនជំនានក្រោយ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងបានលេងកម្សាន្តរួមគ្នាផង និងចង់បង្ហាញអំពីសត្តានុពលឆ្នេរកោះស្មៅតែម្តង ។
ចំណែកយុវជន ស.ស យ.ក ឃុំកំពង់គ្រែង ស្រុកទឹកឈូ កញ្ញា ម៉ាត ស្រីមាស បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា រដ្ឋបាលស្រុកបានត្រៀមកម្មវិធីសប្បាយៗច្រើនណាស់ ក្នុងសង្ក្រាន្តទឹកឈូនេះ ហើយស្របពេលដែលឆ្នេរកោះស្មៅស្អាតផងនោះ កញ្ញាសង្ឃឹមថានឹងមានអ្នកមកចូលរួមច្រើន។
ប្រជាពលរដ្ឋ និងទេសចរមកលេងខេត្តកំពតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អាចមានជ្រើសច្រើនក្នុងការលេងកម្សាន្តសប្បាយ ដូចជាទី១ តំបន់ត្រជាក់ រាំលេងកម្សាន្តនៅរង្វង់មូលទុរេន (ការប្រគុំតន្ត្រីខ្នាតធំ) ទី២.ទីតាំងតំបន់ឆ្នេរខ្សាន្តកម្សាន្ត និងជិះទូកទេសចរណ៍ ទី៣ ទីតាំងវេរ៉ងដា និងសេះសមុទ្របាញ់ទឹក និងទី៤អាចមកលេងសង្ក្រាន្តទឺឈូ នៅឆ្នេរកោះស្មៅ៕

