សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំសូមស្នើសុំក្មួយៗ ប្អូនៗនិស្សិតពេទ្យ កុំចង់ជាប់ដោយមិនបានប្រឡងអី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យពង្រឹងវិស័យសុខាភិបាល ឱ្យបានតឹងរឹងបំផុត ដើម្បីធានា គុណភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ សុខាភិបាលលើកទី៤៣ នាថ្ងៃទី១៩ មីនា សម្តេចធិបតី បានមានប្រសាសន៍ថា ការកសាងធនធានមនុស្សនៅតែជាគន្លឹធំ ព្រោះមនុស្សកំណត់អ្វីទាំងអស់ ត្រូវមានមនុស្សដែលមានសមត្ថភាពប្រើប្រាស់ សម្ភារ បរិក្ខារទំនើបក្នុងវិស័យសុខាភិបាល ទើបធានាបាននូវគុណភាពនៃការព្យាបាល។
សម្ដេចធិបតី បានថ្លែងអំណរគុណស្ថាប័នរដ្ឋនិងឯកជនទាំអអស់ដែលបានចូលរួមបណ្ដុះបណ្ដាលវិជ្ជាពេទ្យ និងស្នើឱ្យស្ថាប័នទាំងនោះ ផ្ដល់ចំណេះដឹងដោយម៉ត់ចត់បំផុត ហើយនិស្សិតចូលរៀនវិជ្ជាពេទ្យត្រូវប្រឡងចូលជាប់ដោយសមត្ថភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «រៀនពេទ្យគួរឱ្យតឹង ហើយខ្ញុំសូម ស្នើសុំក្មួយៗប្អូនៗនិស្សិតពេទ្យ កុំចង់ជាប់ដោយមិនបានប្រឡងអី ព្រោះប្រឡងនេះជួយយើងពេលយើងទៅធ្វើការ ដូចខ្ញុំថា ពេទ្យគឺជាសេនារបស់ទេវតា យើងត្រូវទៅព្យាបាលមនុស្សឱ្យចំ កុំឱ្យធ្វើអីខុស» ៕
