កងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ រៀបចំសិក្ខាសាលាបូកសរុប លទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ បានរៀបចំធ្វើសិក្ខាសាលាបូកសរុប លទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤។
ក្រោយពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារយោធា ដែលថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ ឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤១ ក៏បានឡើងផ្សព្វផ្សាយផែនការទិសដៅសកម្មភាពសម្រាប់អនុវត្តបន្តឆ្នាំ២០២៤។
ក្នុងទិសដៅសកម្មភាពការងារអនុវត្តបន្ត បានផ្តោតសំខាន់ទៅលើការងារហ្វឹកហ្វឺនបំប៉នរៀបរយដល់យោធិនតាមផែនការប្រចាំឆ្នាំរបស់ថ្នាក់លើ និងការច្នៃប្រឌិតហ្វឹកហ្វឺនពាក់កណ្តាលរៀបរយ ដើម្បីពង្រឹងសមត្ថភាពកងទ័ព ឱ្យក្លាយជាកងទ័ពទំនើប ធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងកិច្ចការពង្រឹងប្រៀបការពារជាតិ រួមជាមួយការពង្រឹងការងារអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែសស្រាក់សស្រាំថែមទៀត និងពិសេសយកចិត្តទុកដាក់ក្នុងកិច្ចការកសាងពង្រឹងអង្គភាព បង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីធានាការផ្គត់ផ្គង់ជីវភាពកងទ័ពឱ្យកាន់តែប្រសើរឡើង។
ក្នុងមតិសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឹះក្នុងការអនុវត្តទិសដៅសកម្មភាពការងារឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងបញ្ជាក់ថា គ្រប់កងឯកភាពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការងារអប់រំចិត្តសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តដល់កងទ័ព គឺជាកិច្ចការអាទិភាពមួយ ដែលកងទ័ពត្រូវតែបង្កើនការយល់ដឹងកាន់តែខ្ពស់ ដើម្បីជាមូលដ្ឋាននៃចំណេះដឹងបង្កើននូវឆន្ទៈ មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព និងប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវកម្មវិធីគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជាលើកដំបូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាពឱ្យទទួលបានជោគជ័យ។
ក្រៅពីកិច្ចការស្នូល ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានជំរុញគ្រប់កងឯកភាពត្រូវបន្តការកសាងអង្គភាពប្រែក្លាយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យទៅជាបន្ទាយកងទ័ពដែលមានលក្ខណៈទំនើប ទាំងអគារស្នាក់នៅ អគារធ្វើការ និងផ្ទះហូបបាយប្រកបដោយផាសុខភាព និងពិសេសត្រៀមកម្លាំងចុះជួយអន្តរាគមន៍ក្នុងកិច្ចការជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានទាន់ពេលវេលា និងត្រៀមឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុផងដែរ៕

