រោងចក្រផលិតទឹកស្អាតខ្នាតធំស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង មានសមត្ថភាពផលិតបាន៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយ

ភ្នំពេញ៖ រោងចក្រផលិតទឹកស្អាតខ្នាតធំមួយកន្លែងទៀតនៅខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានសមត្ថភាពផលិតបាន៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃសម្រេចការសាងសង់បានប្រមាណ៧០ភាគរយ។
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ថ្លែងឱ្យដឹងថា រោងចក្រទឹកស្អាតដ៏ធំមួយជាប្រវត្តិសាស្រ្តមិនធ្លាប់មាននៅលើទឹកដីខេត្តបាត់ដំបងបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០២៣ ក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និ ងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។
ឯកឧត្តម អ៊ុត ក្លឹង ឱ្យដឹងទៀតថា គម្រោងនេះ មានគោលដៅបំពេញបន្ថែមនូវតម្រូវការផ្គត់ផ្គង់ទឹកស្អាតដែលមានការខ្វះខាតសម្រាប់ក្រុងបាត់ដំបងទាំងមូល និង តាមឃុំនានា របស់ស្រុកពីរ គឺស្រុកថ្មគោល និងស្រុកសង្កែ ដែលមានព្រំប្រទល់ជាប់នឹងក្រុងបាត់ដំបង ដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឲ្យបាននូវផែនការអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋតាមទីប្រជុំជនឱ្យបាន១០០%នៅឆ្នាំ២០២៥ ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុត ក្លឹង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់បំផុតក្នុងរដូវប្រាំង ជួយសម្អាតអនាម័យបរិស្ថាននៅក្បែរប្រភពទឹកក្នុងករណីមានការលិចធ្លាយត្រូវរាយការណ៍បន្ទាន់ដើម្បីមន្រ្តីជំនាញចុះអន្តរាគមន៍បានទាន់ពេលវេលា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង មានរោងចក្រផលិតទឹកស្អាតចំនួន២ទីតាំង មានសមត្ថភាពផលិតបានចំនួន ៣៣ ៥២០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ចែកចាយទៅកាន់ក្រុង-ស្រុកចំនួន៣ គឺក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកថ្មគោល។ ការផ្គត់ផ្គង់ទឹកស្អាតនាពេលបច្ចុប្បន្នសម្រេចបាន៨៥ភាគរយ ហើយអង្គភាពនឹងពង្រីកឱ្យបាន១០០ភាគរយនៅឆ្នាំ២០២៥៕

