លោកវរនាវីទោ កាន់ ភារៈ ៖ ការទម្លាក់ដុំថ្មសិប្បនិម្មិតក្នុងតំបន់សមុទ្ទកោះរ៉ុង ដើម្បីឱ្យប្រជានេសាទ និងភ្ញៀទេសចរចូលទៅលេងកម្សាន្ត អាចឈប់ទូករបស់ខ្លួន ដោយមានយុថ្កាពោងសម្រាប់ចងមិនចាំបាច់បោះយុថ្កា

ភ្នំពេញ៖ លោកវរនាវីទោ កាន់ ភារៈ ដែលជាអ្នកចូលរួមសម្របសម្រួលការដាក់ពង្រាយទម្លាក់ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោង ក្នុងបាទសមុទ្ទបញ្ជាក់ថា ទម្លាក់ដុំថ្មសិប្បនិម្មិតក្នុងតំបន់សមុទ្ទកោះរ៉ុង ធ្វើឡើង ដើម្បីឱ្យប្រជានេសាទ និងភ្ញៀទេសចរចូលទៅលេងកម្សាន្តតំបន់នោះ អាចឈប់ទូករបស់ខ្លួន ដោយមានយុថ្កាពោងសម្រាប់ចងមិនចាំបាច់បោះយុថ្កាទៅប៉ះបំផ្លាញផ្កាថ្ម ឬក៏ធនធានធម្មជាតិផ្សេងទៀត។ ម៉្យាងវិញទៀត ក៏ជាផ្នែកមួយជួយដល់ការកំណត់ទីតាំងដែលភ្ញៀវទេសចរអាចជ្រមុជទឹកចុះទៅក្រោមសមុទ្ទបាន រីឯទេសចរដែលចង់ជីះម៉ូតូទឹក ឬអូប័រ អាចកម្សាន្តលេងនៅក្រៅពោងដែលអាជ្ញាធរដាក់កំណត់នោះ។
លោកវរនាវីទោ កាន់ ភារៈ ដែលជាអ្នកចូលរួមសម្របសម្រួលការដាក់ពង្រាយទម្លាក់ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោង ក្នុងបាទសមុទ្ទបញ្ជាក់ថា “យើងទម្លាក់ដុំថ្មសិប្បនិម្មិតហ្នឹង ក្នុងគោលបំណង ដើម្បីនឹងចងពោងសម្រាប់ឱ្យប្រជានេសាទ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ ខាងផ្នែកមើលផ្កាថ្ម ឬក៏ស្ទួចត្រី[..]គាត់អាចចងទូករបស់គាត់ទៅលើពោង ដែលយើងបានបោះទុកជូនគាត់ហ្នឹងបាន ដោយមិនចាំបាច់ឱ្យគាត់បោះយុថ្កាលើផ្កាថ្ម ឬក៏នៅពេលដែលគាត់បោះទៅលំបាកដល់គាត់ទី១ ហើយទី២ វាអាចប៉ះពាល់ដល់ផ្កាថ្មដែលមាននៅខាងក្នុងទឹកហ្នឹង។ មួយវិញទៀតគាត់អាចប្រើប្រាស់វា នៅពេលដែលមានអាកាសធាតុមិនល្អ អ៊ីចឹង..គាត់អាចមកជ្រកនៅក្បែរៗកោះ គាត់អាចចងទូកគាត់ជាមួយនឹងពោងហ្នឹងបាន សម្រាប់ជាជម្រកជ្រកនៅពេលដែលមានខ្យល់អាកាសមិនល្អអីជាដើម”។
លោកបន្ថែមថា គម្រោងនោះនឹងនៅតែមានបន្តជាច្រើនទីតាំងទៀត ប៉ុន្តែពេលនេះអាជ្ញាធរកំណត់ដាក់តែកន្លែងណាដែលប្រឈមប៉ះពាល់ធនធានក្រោមបាតសមុទ្ទប៉ុណ្ណោះ។
លោកបញ្ជាក់ថា តំបន់ដែលធនធានធម្មជាតិប្រឈម នឹងរងការបំផ្លាញប៉ះពាល់ពីសំណាក់អ្នកនេសាទ និងភ្ញៀវទេសចរទាំងនោះ រួមមាន៖ នៅសង្កាត់កោះរ៉ុង ចន្លោះដែលមានសក្តានុពលផ្កាថ្មធម្មជាតិ នៅក្បែរកោះតូចចំនួន៣ដុំ នៅកោះរ៉ុងសន្លឹមចំនួន៥ដុំ និងនៅឆ្នេរសុខសាន្តចំនួន២ដុំ ដែលជាទីតាំងក្បែរតំបន់មានសក្តានុពលផ្កាថ្មទាំងអស់។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអោយដឹងថា ទាក់ទងជាមួយការចុះដាក់ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោងក្នុងសមុទ្ទនោះ លោកក្តាប់មិនបានព័ត៌មានច្បាស់ទេ ព្រោះកិច្ចការនោះមិនមានការអញ្ជើញមន្ទីរទេសចរណ៍ឱ្យចូលរួមនោះទេ។ ប៉ុន្តែអ្វីដែលលោកអាចចាប់អារម្មណ៍ គឺការអភិរក្សធនធានធម្មជាតិក្រោមបាទសមុទ្ទពិតជាជួយដល់វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិយ៉ាងច្រើន។
តំបន់កោះរ៉ុង គឺជាតំបន់ចរាចរណ៍របស់មច្ឆជាតិពីឈូងសមុទ្រថែ មកដែនសមុទ្ទកម្ពុជា វាជាជម្រកសត្វមួយដ៏ធំសម្រាប់ការផ្ដល់ធនធានជលផលដល់ប្រជានេសាទ។ ទន្ទឹមនឹងនោះ តំបន់កោះរ៉ុង មានផ្កាថ្មដ៏ស្រស់ស្អាតដែលកម្ពុជាត្រូវការអភរិក្សសម្រាប់កំណើនទេសចរណ៍ជាអតិបរមា បើទោះបីកម្ពុជាមានតំបន់ផ្កាថ្មជាច្រើនផ្សេងទៀតក៏ដោយ។
គួររំឭកថា កាលពីដើមខែកុម្ភៈ អាជ្ញាធរ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) បានចុះដាក់ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោងនៅឧទ្យានជាតិសមុទ្រកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានចំនួន១០ដុំ នៅ១០ទីតាំងផ្សេងៗគ្នាផងដែរ៕

