មន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ ធ្វើការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ ការបរិច្ចាគឈាមជាអំពើដ៏ប្រពៃនៅក្នុងសង្គម ដែលយើងអាចធ្វើបានទាំងអស់គ្នានេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្សពីថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅពន្ធនាគារខេត្ត ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អគ្គានុរក្សថ្នាក់លេខ ១ សែម ស៊ីណន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ។
លោកឧត្តម អគ្គានុរក្សថ្នាក់លេខ ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យមានប្រសាសន៍លើកឡើងថា មន្ត្រីពន្ធនាគារខេត្តនាពេលបច្ចុប្បន្នមានសរុបចំនួន ១១១នាក់ ស្រី ១៩នាក់ ក្នុងនោះថ្នាក់ដឹកនាំចំនួន ៥នាក់ ស្រី ១នាក់ ចំពោះការងារគ្រប់គ្រងជនជាប់ឃុំសរុបជាក់ស្ដែងចំនួន ១,៨៩៣នាក់ ស្រី ១០០នាក់ ហើយជនជាប់ឃុំភាគច្រើនជាប់បទល្មើសគ្រឿងញៀន។
លោក អ៊ុង ស៊ីផាន បានបន្តថា មន្ត្រីទាំង ១១១នាក់ នេះគឺយើងព្រមព្រៀងស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់គ្នា តែសង្ខាន់យោងទៅលើសុខភាពផងដែរ ចំពោះអំណោយឈាមជាអំណោយជីវិតដែលមនុស្សមានសុខភាពល្អ អាចចែករំលែកទៅបានចំពោះមនុស្សទាំងឡាយក្នុងសហគមន៍ នៅពេលមានអ្នកជំងឺឬមានគ្រោះថ្នាក់ ហើយត្រូវការសង្គ្រោះដោយការចាក់បញ្ចូលឈាម។
ឯកឧត្តមវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត និងឯកឧត្តម អគ្គានុរក្សថ្នាក់លេខ ១ សែម ស៊ីណន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរនិងអរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារទាំងអស់ដែលបានធ្វើការស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម សម្រាប់ជួយសង្គ្រោះជីវិតមនុស្សនិងបានបង្កើតទម្លាប់ វប្បធម៌នៃការចែករំលែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តគឺជាការជំរុញលើកកម្ពស់ យុវជនប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្ដល់ការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើងមិនប្រកាន់ជាតិ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ចុងក្រោយឯកឧត្តមក៏មានសន្ដានចិត្តរីករាយកក់ក្ដៅបំផុតចំពោះ សប្បុរសជនជាថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារខេត្តដែលបានធ្វើអំណោយទាន សម្រាប់ជីវិតនិងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះ ដោយក្ដីសប្បុរស៕

