អ៊ីស្រាអែល នឹងនាំយកកម្មករសំណង់ពីបរទេសចំនួន ៦៥.០០០នាក់ មកជំនួសជនជាតិប៉ាឡេស្ទីន

បរទេស៖ រដ្ឋាភិបាលអ៊ីស្រាអែលបញ្ជាក់ថា ខ្លួននឹងនាំយកពលករពីបរទេសចំនួន ៦៥,០០០នាក់ មកពីប្រទេសឥណ្ឌា ស្រីលង្កា និងអ៊ូសបេគីស្ថាន ដើម្បីបន្តការសាងសង់ដែលជាប់គាំងចាប់តាំងពីថ្ងៃទី០៧ ខែតុលា នៅពេលដែលកម្មករប៉ាឡេស្ទីនត្រូវបានបញ្ជូនមកផ្ទះវិញ បន្ទាប់ពីការវាយប្រហារដ៏សាហាវលើអ៊ីស្រាអែលដោយក្រុមហាម៉ាស។
កម្មករប៉ាឡេស្ទីនប្រហែល ៧២,០០០នាក់ត្រូវបានជួលឱ្យធ្វើការលើការដ្ឋានសំណង់ក្នុងប្រទេសអ៊ីស្រាអែល មុនពេលមានការវាយប្រហារ ដែលបានជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ពួកគេ និងដកចេញពួកគេពីអ៊ីស្រាអែល ដោយសារហេតុផលសុវត្ថិភាព។
កម្មករបរទេសប្រហែល ២០,០០០នាក់នៅតែមាន ប៉ុន្តែស្ទើរតែពាក់កណ្តាលនៃការដ្ឋានសំណង់របស់ប្រទេសត្រូវបានបិទដោយសារតែកង្វះកម្លាំងពលកម្ម។
អ្នកនាំពាក្យក្រសួងលំនៅដ្ឋានបញ្ជាក់ថា ក្រុមពលករបរទេសថ្មីត្រូវបានគេរំពឹងថានឹងមកដល់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលរដ្ឋាភិបាលព្យាយាមជៀសវាងការស្ទះការផ្គត់ផ្គង់ដែលនឹងប្រថុយនឹងការឡើងថ្លៃអចលនទ្រព្យនៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមធ្លាក់ចុះ។
ប្រភព៖ The Times Of Israel
ប្រែសម្រួលដោយ៖ ឡាយ លីហួ
