សូមបញ្ឈប់ការបរបាញ់សត្វព្រៃ! មន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ប្រទះឃើញឧបករណ៍បង្គោលឬស្សី២ដើម និងមងទាក់សត្វប្រវែងប្រមាណ១០០ម៉ែត្រ

ភ្នំពេញ៖ សូមបញ្ឈប់ការបរបាញ់ជួញដូរនិងបរិភោគសាច់សត្វព្រៃ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានចុះអង្កេតតាមដានចាបព្រៃវែង (ប្រភេទជិតផុតពូជបំផុត) បានជួបប្រទះជនសង្ស័យ២រូប (រត់គេចខ្លួនបាត់) ដោយមានសកម្មភាពគួរឲ្យសង្ស័យ។
យោងតាម NatureLife Cambodia Organization បានបញ្ជាក់ថា ក្រុមការងារបានបន្តរុករកនិងប្រទះឃើញឧបករណ៍បង្គោលឬស្សី២ដើម និងមងទាក់សត្វប្រវែងប្រមាណ១០០ម៉ែត្រ ដែលជនសង្ស័យបានលាក់ទុក។ តំបន់ការពារបានដកហូតឧបករណ៍ទាំងនេះមករក្សាទុកនៅទីស្នាក់ការតំបន់ការពារបន្តសើបអង្កេតបន្ថែម។
សូមជម្រាបផងដែរថា សត្វចាបព្រៃវែងជាប្រភេទសត្វស្លាបទេសន្តប្រវេស៍ ដែលក្នុងបញ្ជីក្រហមIUCN ជាប្រភេទជិតផុតពូជបំផុត (Critically Endanger)។ សត្វស្លាបប្រភេទនេះ ធ្វើការពងកូននៅអឺរ៉ុប និង ទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែ បំលាស់ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និង ប្រទេសចិន ភាគខាងត្បូងនៅរដូវត្រជាក់ និង ហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។ នៅតំបន់បឹងព្រែកល្ពៅត្រូវបានទទួលស្គាល់ថាជាទីតាំងដែលមានចំនួនសត្វស្លាបប្រភេទនេះច្រើនជាងគេនៅប្រទេសកម្ពុជា និងប្រហែលជានៅទូទាំងអាស៊ីអាគ្នេយ៍៕

