មេតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយអនុសាសន៍ ៥ចំណុចរបស់សម្តេចធិបតី ក្នុងឱកាសខួបលើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយអនុសាសន៍៥ ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋាន កងទ័ពជើងគោក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក ដែលពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអាន និងគូសបញ្ជាក់នូវចំណុចសំខាន់នីមួយៗនៃអនុសាសន៍ទាំង៥ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានជាអាទិ៍ :
ទី១៖ កងទ័ពកម្ពុជា ត្រូវតែជាកងទ័ព ដែលមានវិជ្ជាជីវៈខ្ពស់ ដាច់ខាត ត្រូវតែស្មោះត្រង់ចំពោះជាតិ, មាតុភូមិ និង ប្រជាជន និងយកអស់ស្មារតីគោរព ឲ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិ យុត្តនានា, ដោយប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ, និងក្លាយជាកម្លាំងពិត ដើម្បីការពារ ជាតិមាតុភូមិ និង ប្រជាជន ។ ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ឲ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់ កម្លាំងឲ្យសមស្របនឹងតម្រូវការជំនាញ និង សូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង, ព្រមទាំងស្បៀងអាហារ ជាដើម ឲ្យបានត្រឹមត្រូវ និង បានគង់វង្ស។ទី៣៖ គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការរៀនសូត្រ និងការកសាងប្រភព ធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ពង្រឹងការបង្កើនជំនាញដល់យោធិន ឲ្យស្របទៅតាមភារកិច្ច និងតួនាទី រៀងៗខ្លួន។
ឧត្ដមសេនីយ៍ទោសោម ស៊ុន បានគូសបញ្ជាក់ នូវចំណុចទី៤ និងទី ៥ ដោយបានសង្កត់ធ្ងន់ថា
ទី៤៖ គ្រប់បណ្ដាអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រៀមកម្លាំង, មធ្យោបាយ, និងសម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះភ័យ ជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឲ្យបានល្អ ក្នុងស្មារតីបុរេសកម្ម ជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងទី៥៖ សូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកងទ័ព និងក្រុមគ្រួសារ ធានាផាសុកភាព, សុខុមាលភាព, និង ផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

