ប្រជាពលរដ្ឋថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលគិតគូរក្នុងការស្ដារប្រឡាយមេរលាំងជ្រៃខាងត្បូង ដើម្បីបញ្ចៀសទឹកកុំឱ្យលិចលង់ និងងាយស្រួលក្នុងការធ្វើកសិកម្ម

ភ្នំពេញ៖ ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលគិតគូរក្នុងការស្ដារប្រឡាយមេរលាំងជ្រៃខាងត្បូង ដើម្បីបញ្ចៀសទឹកកុំឱ្យលិចលង់ និងងាយស្រួលក្នុងការធ្វើកសិកម្ម។
ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Hotnews Asia លោក ឆាយ វាសនា តំណាងឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងភូមិកណ្ដុរផើម បានបង្ហាញអារម្មណ៍សប្បាយចិត្តរីករាយក្នុងការស្ដារប្រឡាយមេរលាំងជ្រៃខាងត្បូង ដែលស្ថិតនៅក្នុងភូមិកណ្ដុរផើម ឃុំរលាំងជ្រើ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកបន្តថា ការស្ដារប្រឡាយមេរលាំងជ្រៃខាងត្បូងនេះ រាជរដ្ឋាភិបាលបានគិតគូរដល់បងប្អូនប្រជាពលរដ្ឋក្នុងការបញ្ចៀសទឹកកុំឱ្យលិចលង់ និងងាយស្រួលក្នុងការធ្វើកសិកម្មបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ។
លោកបន្ថែមថា កាលណាមានទឹកគ្រប់គ្រាន់ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងអស់ធ្វើស្រែ និងបង្កបង្កើនផលដំណាំបានច្រើន ព្រោះថាកន្លងមកបងប្អូនប្រជាពលរដ្ឋធ្វើស្រែដោយសារទឹកភ្លៀងក្នុងមួយឆ្នាំ បានតែមួយដង ប៉ុនែ្តប្រសិនបើមានទឹកគ្រប់គ្រាន់ក្នុងប្រឡាយមេរលាំងជ្រៃខាងត្បូងនេះ បងប្អូនប្រជាពលរដ្ឋយើងនិងអាចធ្វើស្រែក្នុងមួយឆ្នាំ ៣ទៅ៤ដង៕
