ក្រសួងទេសចរណ៍ ចេញលិខិតព្រមានលើកចុងក្រោយចំពោះ លោក ហៀក សេងហួត ដែលគេស្គាល់ថាជាមគ្គុទ្ទេសក៍ទេសចរណ៍ក្រមា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញលិខិតព្រមានលើកចុងក្រោយចំពោះ លោក ហៀក សេងហួត ដែលគេស្គាល់ថាជាមគ្គុទ្ទេសក៍ទេសចរណ៍ក្រមា ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការរៀបរាប់ពន្យល់នូវប្រវត្តិសាស្ត្រ ជំនឿផ្សេងៗផ្ទុយពីការពិត ទៅកាន់ភ្ញៀវទេសចរ និងផ្សព្វផ្សាយតាមបណ្តាញសង្គម។ ដោយក្រសួងនឹងព្យួរអាជ្ញាបណ្ណ ឬដកអាជ្ញាបណ្ណបុគ្គលរូបនេះទាំងស្រុង ក្នុងករណីមិនអនុវត្តតាមការព្រមាន។ នេះបើយោងតាមលិខិតព្រមានរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលទម្លាយឱ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។
តាមរយៈលិខិតដែលចុះហត្ថលេខាដោយ រដ្ឋលេខាធិការ សេង ម៉េងហុង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រសួងបានបញ្ជាក់ថា នេះជាការព្រមានលើកចុងក្រោយចំពោះ លោក ហៀក សេងហួត ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេសជំនាន់ទី១១ អត្តលេខ២១៤៦ នៅតំបន់សៀមរាប។ លើករណីអនុវត្តមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយធ្វើការអធិប្បាយទៅកាន់ភ្ញៀវទេសចរ និងផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋានច្បាស់លាស់ នាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា។
ក្រសួងទេសចរណ៍សង្កត់ធ្ងន់ថា «ក្រសួងសូមធ្វើការព្រមាន លោក ហៀក សេងហួត ជាលើកចុងក្រោយ ដោយបញ្ឈប់រាល់ការផ្សព្វផ្សាយ និងការអធិប្បាយនូវប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ប្រវត្តិសាស្ត្រច្បាស់លាស់។ ករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងទេសចរណ៍នឹងអនុវត្តនីតិវិធីព្យួរអាជ្ញាបណ្ណ ឬករណីធ្ងន់ធ្ងរអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកចោលទាំងស្រុង»។
គួរកត់សម្គាល់ថា ការចេញលិខិតព្រមានរបស់ក្រសួងនាពេលនេះ ធ្វើឡើងចួនចំពេលដែលថ្មីៗនេះ លោក ហៀក សេងហួត ធ្វើសកម្មភាពផុ្សព្វផ្សាយអបិយជំនឿដែលផ្ទុយពីប្រវត្តិសាស្ត្រ ថែមទាំងចូលរួមក្នុងសកម្មភាពជាមួយស្ត្រីលក់ថ្នាំបុរាណតាមអនឡាញ សម្ដែងជាអ្នកស្នងរូប ព្រះនាងឥន្ទ្រទេវី នៅទីតាំងសក្ការ លោកតារាជ នៅប្រាសាទអង្គរវត្ត ក៏ដូចជានៅមុខចម្លាក់នានា និងព្រះបរមរូបព្រះនាងឥន្ទ្រទេវី នាប្រាសាទព្រះខ័ន ខេត្តសៀមរាបជាដើម ក្នុងរូបភាពយំខ្សឹកខ្សួលស្ដាយស្រណោះ។ ក្រៅពីនេះ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ ក៏បានប្រើប្រាស់ពាក្យសម្ដីមិនសមគួរចំពោះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ទៀតផង។ យ៉ាងណាមិញ ក្រោយមានការព្រមានពីក្រសួងរួចមក នៅថ្ងៃទី២១ ខែមករា លោក ហៀក សេងហួត តាមរយៈហ្វេសប៊ុកផ្លូវការខ្លួន បានធ្វើការសូមអភ័យទោស ព្រះថេរៈ ព្រះគុណម្ចាស់ លោក-លោកស្រី និងបងប្អូនកូនក្មួយ ដោយតាមរយៈវីដេអូនោះ លោកអះអាងថា ការនិយាយស្ដីរបស់លោកនាពេលកន្លងមក ជាពិសេសមួយរយៈចុងក្រោយនេះ គឺខ្វះការគិតពិចារណា៕

