សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ុំប្រុសម្នាក់ នៅសង្កាត់ចាក់អង្រែលើ មានជំងឺត្បៀតទងសួត និងជំងឺបេះដូង

ភ្នំពេញ៖ អ៊ុំប្រុស មុំ តូ អាយុ៦៤ ឆ្នាំ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គាត់មានអាការៈក្អក, ហត់, ណែនទ្រូង និងពិបាកដកដង្ហើម ហើយសភាពជំងឺកាន់តែធ្ងន់ធ្ងរជាលំដាប់ ។
ដោយក្ដីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ធ្វើការបញ្ជូនអ៊ុំប្រុសមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ក្រុមគ្រូពេទ្យឯកទេសបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយរកឃើញថា អ៊ំប្រុសមានជំងឺត្បៀតទងសួត និងជំងឺបេះដូង ដែលត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យ ។
បច្ចុប្បន្ន ស្ថានភាពជំងឺអ៊ុំប្រុសបានធូរស្រាលមកវិញ រហូតត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះ ជាមួយក្តីរីករាយ និងការគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
ការចំណាយលើការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ៕

