បុណ្យមាឃបូជាឆ្នាំនេះ នឹងរៀបចំនៅភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ២៤-២៥ កុម្ភៈ

ភ្នំពេញ៖ កម្ពុជា នឹងរៀបចំពិធីបុណ្យមាឃបូជា ឆ្នាំ២០២៤នេះ រយៈពេល២ថ្ងៃ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា។
បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗនៃព្រះពុទ្ធសាសនា ដែលប្រទេសកាន់សាសនានេះនៅលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខានឡើយ។ មិនខុសពីឆ្នាំមុនៗ និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ពិធីបុណ្យមាឃបូជាឆ្នាំ២០២៤នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ទន្ទឹមគ្នានោះក្រសួងបានអំពាវនាវថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនា ថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាម ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែររៀបចំតុបតែង និងចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា ឱ្យបានអធិកអធម។ ជាងនេះទៅទៀតក្រសួង ណែនាំដល់មន្ទីរធម្មការ និងសាសនា គ្រប់រាជធានី ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ។
ក្រសួងបញ្ជាក់បន្ថែមថា អង្គភាពពាក់ព័ន្ធត្រូវសហការជាមួយព្រះមេគណ អនុគណ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោស សម្អាត តុបតែងលម្អវត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ពុទ្ធភាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើន ព្រះបរិត្ត សម្តែងធម៌ទេសនាដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនាកម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចា ចិត្ត។ ជាងនេះទៅទៀតមន្ទីរធម្មការ ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវ អត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម៕

