សម្ដេចធិបតី៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពល្អប្រសើរ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ ធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺក្នុងគោលបំណងបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពល្អប្រសើរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មទ្វេឡើងថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីទទួលបានទំនុកចិត្តក្នុងការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត។
ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកោះកុង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងទៅនេះ។ លទ្ធផលនៃការបោះឆ្នោតនាពេលកន្លងទៅនេះ គឺជាការបង្ហាញនៃការពេញចិត្តក្នុងការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ៕
