ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចគោលបំណងចំនួន៣ និងផ្ដល់អនុសាសន៍ ៧ចំណុច ដល់មន្ត្រីរាជការ កងកម្លាំង និវត្តន៍ជន អតីតយុទ្ធជន ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចនូវគោលបំណងចំនួន៣ នៃការរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង និវត្តន៍ជន អតីតយុទ្ធជន ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៧ទៀត ទៅកាន់អង្គពិធីផងដែរ។
គោលបំណងទីមួយ គឺដើម្បីដឹងពីសុខទុក្ខរបស់ទីប្រឹក្សា និងជំនួយការអាណត្តិចាស់ និងថ្មី។ ទីពីររំលឹកគុណបំណាច់ ស្នាដៃទីប្រឹក្សានិងជំនួយការ ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម និងទីបីរំលឹកពីសមិទ្ធផលធំៗមួយចំនួនរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ ស្វែងយល់បន្ថែមពីការងារបច្ចុប្បន្ន និងការងារត្រូវបន្តអនុវត្តនៅពេលខាងមុខ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនមន្ត្រីរាជការ និវត្តជន អតីតយុទ្ធជន ទីប្រឹក្សា និងជំនួយការ ដែលមួយចំនួនធំក៏ត្រូវបានតែងតាំងបន្តពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ នេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា និងជំនួយការ ដែលកន្លងមកបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាច្រើន ជូនជាតិនិងប្រជាជន។
ឈរលើសមិទ្ធផលដែលសម្រចបានមកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជុំរុញលើកទឹកចិត្តឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចូលរួមសហការគ្នាគ្រប់ការងារពាក់ព័ន្ធ និងមានទំនាក់ទំនងល្អនៅក្នុងសង្គម បន្តចូលរួមការងារចុះពង្រឹងមូលដ្ឋាន ការងារសង្គម និងការងារមនុស្សធ៌ម ពង្រឹងសមត្ថភាព លទ្ធភាព និងចែករំលែកចំណេះ ជំនាញ និងបទពិសោធទៅគ្រប់ ផ្នែកពាក់ព័ន្ធដើម្បីជួយលើកស្ទួយនូវអភិបាលកិច្ចល្អ។ ជាមួយគ្នានេះ បន្តរក្សាសីលធម៌ គុណធ៌ម និងបំពេញតួនាទីភារកិច្ចប្រកបគណនេយ្យភាពចំពោះក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខ បន្តចូលរួមថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នេីឱ្យបន្តចូលរួមលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម បន្តចូលរួមគាំទ្រនូវកំណែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការនិងវិសហមជ្ឈការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ដោយដើរទន្ទឹមនិងការជំរុញអភិបាលកិច្ចល្អ និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែសកម្មផុលផុសនៅគ្រប់គោលដៅ។
បន្ថែមលើសពីនេះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញសុទិដ្ឋិនិយមដោយសង្ឃឹម និងជឿជាក់ថា ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃនឹងបន្តគាំទ្រ ចូលរួម និងរក្សាការប្តេជ្ញាចិត្តខិតខំបំពេញការងារកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ដើម្បីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំទៅមុខ ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕
