គំរូល្អ! អ្នកនេសាទម្នាក់នៅស្រុកកំពង់លែង នេសាទបានត្រីគល់រាំង ១ក្បាល ប្រគល់ឱ្យមន្ត្រីជលផលលែងទៅក្នុងទន្លេវិញ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជានេសាទឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានធ្វើនេសាទបានត្រីគល់រាំងមួយក្បាលដែលជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់បំផុត រួចប្រគល់ឱ្យមន្ត្រីជលផលលែងទៅក្នុងទន្លេវិញ។
ត្រីគល់រាំងនេះមានទំងន់ ៨,៥គីឡូក្រាម និងប្រវែង០,៦៥ម៉ែត្រ ត្រូវបាននេសាទបានចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រើដោយឧបករណ៍លប។
សូមបញ្ជាក់ថា ត្រីគល់រាំងជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់បំផុត និងជាត្រីតំណាងអត្តសញ្ញាណជាតិ សូមជួយថែរក្សាទាំងអស់គ្នា៕
