សម្តេចធិបតី៖ ក្រោយសង់កំពង់ផែទឹកជ្រៅជំហានទី១ រួចរាល់ នឹងមានសមត្ថភាពទទួលកុងតឺន័របាន ៩៣% ខណៈបច្ចុប្បន្នទទួលនាវាក្នុងតំបន់បានត្រឹម ១៨%

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា នៅពេលសាងសង់កំពង់ផែទឹកជ្រៅជំហានទី១ រួចរាល់ កម្ពុជានឹងមានសមត្ថភាពទទួលកប៉ាល់ធំៗ និងកុងតឺន័រ បានរហូតដល់ទៅ ៩៣ភាគរយ ខណៈបច្ចុប្បន្នកំពង់ផែនៅកម្ពុជា មានសមត្ថភាពទទួលនាវាក្នុងតំបន់បានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះ ។
នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលមានតម្លៃ ២៤៣លានដុល្លារ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងកាន់តែពង្រីកតទៅទៀត ហើយសក្ដានុពលបច្ចុប្បន្នយើង ១១.៥ម៉ែត្រ ចឹងកប៉ាល់ដែលចូលមកយើងបានតែ ១៨%ទេ ឧទាហរណ៍ថា ១០០កប៉ាល់ដឹកទំនិញមកស្រុកខ្មែរ មានតែ ១៨កប៉ាល់ទេ ដែលដឹកទំនិញចូលមកក្នុងសាង ក្រៅពីនឹងចេញទៅសាងនៅក្រៅទាំងអស់ កន្លែងខ្លះគឺគេដឹកទៅប្រទេសផ្សេង ហើយលើកពីប្រទេសផ្សេងតាមកប៉ាល់តូចមកយើង ចឹងបានថាកប៉ាល់ធំៗ ពីអាមេរិក ពីអឺរ៉ុប ត្រូវចូលមកយើងគេមិនមកទេ គេរំលង» ។
សម្តេចធិបតីបន្ថែមថា ហេតុអីបានជាយើងត្រូវពង្រីក ដែលមិនគ្រាន់តែថែមកន្លែងចតកប៉ាល់នោះទេ ត្រូវជីកបន្ថែមទៀត ហើយជំហានទី១នេះ យើងជីកដល់ ១៤.៥ម៉ែត្រ ចឹងនៅពេលជីករួច កប៉ាល់ ៦ម៉ឺនតោនអាចចូលមកយើងបាន ហើយកប៉ាល់នេះអាចដឹកកុងតឺន័រ ៦ម៉ែត្រ បាន ៤ពាន់កុងតឺន័រ ហើយនៅពេលដែលកប៉ាល់កម្រិតនេះអាចចូលដល់យើងបាន ចឹងពេលដែលយើងធ្វើហើយនៅឆ្នាំ២០២៦ ក្នុងកប៉ាល់១០០ អាចដឹកមកយើងបាន ៩៣កប៉ាល់ចូលដល់ ហើយសល់តែ ៧ទេ នៅក្រៅ ៕
