ឯកឧត្ដម សូ ណារ៉ូ៖ អាស៊ាន-ជប៉ុន ដៃគូចិត្ត និងចិត្ត ដែលបានដាក់ចេញតាំងពីឆ្នាំ២០១៣ ឥឡូវទទួលបានផ្លែផ្កា

ភ្នំពេញ៖ ឯកឧត្ដម សូ ណារ៉ូ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាស៊ាន និងជប៉ុន ជាដៃគូចិត្ត និងចិត្ត ដែលបានដាក់ចេញតាំងពីឆ្នាំ២០១៣ ហើយទទួលបានផ្លែផ្កា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ជប៉ុននឹងបន្តផ្តល់អាហារូបករណ៍រយៈពេលខ្លី និងរយៈពេលវែង បណ្តុះបណ្តាលវគ្គសិក្សាស្រាវជ្រាវដល់កម្ពុជាបន្ថែមទៀត។
ឯកឧត្ដម សូ ណារ៉ូ បានលើកឡើងថា តាមរយៈការឡើងថ្លែងបទអន្តរាគមន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំប្រជុំកំពូលខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន និងជប៉ុន នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែង និងជាការបើកទំព័រថ្មីមួយទៀតនៃទំនាក់ទំនងក្នុងការលើកតម្កើងសន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើត «មិត្តភាពមាស និងឱកាសមាស» ដែលបម្រើផលប្រយោជន៍ឱ្យប្រជាជនពិតប្រាកដ។
ឯកឧត្ដម សូ ណារ៉ូ បានដកស្រង់ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា នៅឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏មានអត្ថន័យធំធេងណាស់សម្រាប់ប្រជាជនកម្ពុជា ព្រោះថាអាស៊ាន និងជប៉ុន បានបង្កទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រោយ ទាំងកម្រិតអាស៊ាន ហើយប្រទេសកម្ពុជា និងជប៉ុន គិតមកដល់ឆ្នាំ២០២៣នេះ ក៏ជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏បានដំឡើងទំនាក់ទំនងនេះជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោយផងដែរ។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើទឹកដីជប៉ុន នៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម សូ ណារ៉ូ បានឱ្យដឹងយ៉ាងដូច្នេះថា «ក្នុងបទអន្តរាគមន៍ សម្តេចបានបង្ហាញសេចក្តីរីករាយ ដោយបានឃើញដៃគូចិត្ត និងចិត្ត ដែលយើងបានអនុវត្ត និងដាក់ចេញកន្លងមកទទួលបានផ្លែផ្កា យើងចាំហើយកាល១០ឆ្នាំ តាំងពីឆ្នាំ២០១៣ គឺបានដាក់ចេញយុទ្ធសាស្ត្រដៃគូ រវាងជប៉ុន និងអាស៊ាន ហើយទទួលបបានជោគជ័យ»។
ឯកឧត្ដម សូ ណារ៉ូ បានបន្ថែមថា ការបង្កើតភាពមិនប្រាកដនិយម និងភាពមិនអាចប៉ាន់ប្រមាណបាននៃក្រខណ្ឌតំបន់ និងលើពិភពលោក ធ្វើឱ្យដៃគូសហប្រតិបត្តិការដៃគូមិត្តភាពចិត្ត និងចិត្តមានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន ជំនឿទុកចិត្ត និងការយោគយល់សាមគ្គី រវាងអាស៊ាន និងជប៉ុន។
ជាមួយគ្នានេះ ដែរឯកឧត្ដម សូ ណារ៉ូ បានបញ្ជាក់ថា តាមរយៈដៃគូសហប្រតិបត្តិការដៃគូមិត្តភាពចិត្ត និងចិត្តរវាងជប៉ុន និងអាស៊ាន បានកាត់បន្ថយគម្លាតផ្នែកបច្ចេកវិទ្យា និងឌីជីថល ជំរុញការអភិវឌ្ឍរួម ការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈសម្រង់សម្តី លោក សូ ណារ៉ូ បានឱ្យដឹងថា «ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាជប៉ុន នឹងបន្តផ្តល់អាហារូបករណ៍រយៈពេលខ្លី និងរយៈពេលវែង បណ្តុះបណ្តាលវគ្គសិក្សាស្រាវជ្រាវ ក៏ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្ពុជាផង»។
ឯកឧត្ដមបានបន្តថា ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមស្វាគមន៍ និងគាំទ្រការប្រកាសដាក់ចេញកម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជនគ្រប់ជ្រុងជ្រោយ ដែលមានថវិកាចំនួន ៤០ប៊ីលានយេន ដែលប្រមូលផ្តុំទៅលើការផ្លាស់ប្តូរធុរជនវ័យក្មេង មន្ត្រីស៉ីវិល ការស្រាវជ្រាវ។
ឯកឧត្ដម សូ ណារ៉ូ ក៏បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា លើវិស័យអប់រំ បច្ចេកវិទ្យា វេជ្ជសាស្ត្រ គាំពារសង្គម ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា វប្បធម៌ សង្គម។ល៕
