សិង្ហបុរីចុះកិច្ចព្រមព្រៀងជាមួយប៉ាពួញូហ្គីណេ ដើម្បីសហការលើឥណទានកាបូន

សិង្ហបុរី៖ សិង្ហបុរី និងប៉ាពួញូហ្គីណេ នៅថ្ងៃសុក្រ ទី៨ ខែធ្នូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តលើកិច្ចសហប្រតិបត្តិការឥណទានកាបូន ដែលនឹងជួយប្រទេសទាំងពីរឆ្ពោះទៅរកគោលដៅរបស់ពួកគេ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីសម្រាប់និរន្តរភាព និងបរិស្ថានរបស់ប្រទេសសិង្ហបុរី Grace Fu និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ការអភិរក្ស និងការប្រែប្រួលអាកាសធាតុរបស់ Papua New Guinea Simo Kilepa នៅខាងក្រៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP២៨) ឆ្នាំ ២០២៣។
វាកើតឡើងបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងអំឡុងពេល COP២៧ កាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) ក្រសួងនិរន្តរភាព និងបរិស្ថាន (MSE) និងលេខាធិការដ្ឋានការប្រែប្រួលអាកាសធាតុជាតិ (NCCS) បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមថា វាក៏ជាកិច្ចព្រមព្រៀងអនុវត្តលើកដំបូងសម្រាប់ប្រទេសសិង្ហបុរីផងដែរ។
កិច្ចព្រមព្រៀងនេះកំណត់នូវក្របខ័ណ្ឌនិងដំណើរការដែលមានភាពស្របច្បាប់សម្រាប់ការបង្កើតនិងការផ្ទេរឥណទានកាបូនជាអន្តរជាតិរវាងប្រទេសសិង្ហបុរី និងប៉ាពួញូហ្គីណេ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
