វគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែកប្រចាំឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងបើកវគ្គហ្វឹកហ្វឺនថ្មីប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីផ្ដល់នូវអនុសាសន៍សំណោះដំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ចំនួន១៤៣នាក់ នៅទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ ស្ថិតនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ឯកឧត្ដម បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលថ្មីដែលកំពុងវិវឌ្ឍន៍ទៅមុខផ្អែកលើកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ្ន២០២៣ដល់ឆ្នាំ២០២៨ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ គឺ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលដែលក្នុងនោះរាជរដ្ឋាភិបាលបន្តផ្ដោតលើកិច្ចការអាទិភាពចំនួន៥ គឺ ១.ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ២.ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងប្រព័ន្ធនវានុវត្ដន៍ឌីជីថល ៣.ការកសាង និង ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ៤.ការកសាងភាពជឿទុកចិត្ដលើប្រព័ន្ធឌីជីថល ៥.ការអភិវឌ្ឍបច្ចេកវិឡាហិរញ្ញវត្ថុ ដើម្បីដឹកនាំប្រទេសទៅកាន់វឌ្ឍនភាព សង្គម សមស្របនាសម័យបច្ចេកវិទ្យារីកចម្រើន នាពេលអនាគត ។
ឯកឧត្ដម បានបន្តថាដោយឡែកបញ្ជាការដ្ឋានរថក្រោះ គឺជាកម្លាំងជំនាញធ្វើជាសេនាធិការអោយកងទ័ពជើងគោក ដូច្នេះ សូមឱ្យនាយទាហាន បន្តវេនវ័យក្មេងត្រូវខិតខំសិក្សាស្រាវជ្រាវ ធ្វើការដើម្បីពង្រីកពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ពិសេសពង្រឹងកម្លាំងត្រៀមទៅ ARMY GAME នៅសហព័ន្ធរុស្សី ថ្ងៃខាងមុខ។
ឯកឧត្ដមបានក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ក្នុងបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកសូមអោយជៀសឆ្ងាយអោយផុតពីគ្រឿងញៀន ដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងស្មារតី បង្កជាបញ្ហាអស្ថេរភាពនៅក្នុងសង្គមជាតិ ។
មុននិងបញ្ចប់កម្មវិធីឯកឧត្ដមគណៈអធិបតី បានអញ្ជើញជាកិត្តិយសបំពាក់មេដាយគ្រឿងឥស្សរិយយសចំនួន១៩ គ្រឿង, ប័ណ្ណសរសើរចំនួន២៥ប័ណ្ណ, លិខិតសរសើរចំនួន១០លិខិត និងបានបញ្ចប់កម្មវិធីដោយក្ដីសោមនស្សរីករាយ ។
