សម្តេចធិបតី៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ផ្តល់នូវការឧបត្ថម្ភដល់សមាជិកគ្រួសារ ដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ។
នាឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិភាពចុងក្រោយក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍ នៅក្នុងឆ្នាំ២០២៣ នាថ្ងៃទី៥ ខែធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «បន្ថែមលើកម្មវិធី៤នេះ កញ្ចប់គ្រួសារមានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលក្នុងវដ្ដជីវិត និងផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យនិងភាពងាយរងគ្រោះនានា»។
សម្តេចធិបតីបន្ថែមថា ជាមួយគ្នានេះរាជរដ្ឋាភិបាល នឹងបន្តពង្រឹងការអនុវត្តកម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារនេះ តាមរយៈការពង្រឹងប្រព័ន្ធបញ្ជូនបន្ត នឹងបណ្ដាញតភ្ជាប់ទៅកាន់សេវានិងកម្មវិធីផ្សេងៗទៀត ដើម្បីធ្វើឲ្យប្រព័ន្ធគាំពារសង្គមកាន់តែមានលក្ខណៈទូលំទូលាយផងដែរ។
សូមបញ្ជាក់ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) ៕

