សម្តេចធិបតី៖ មៀនប៉ៃលិនរបស់កម្ពុជា មានលក់នៅលើទីផ្សារ អនឡាញអាលីបាបា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មៀនប៉ៃលិនកម្ពុជា បាននិងកំពុងដាក់លក់នៅលើទីផ្សារអនឡាញ អាលីបាបា ដែលជាទីផ្សារ មានអតិថិជនរាប់រយលាននាក់ នៅលើពិភពលោក ។
ក្នុងឱកាសអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា សម្តេចធិបតីបញ្ជាក់ថា «ក្រុមហ៊ុន អាលីបាបានេះ គាត់មានអតិថិជនគាត់រាប់រយលាននាក់ នៅលើពិភពលោក ហើយការឱ្យគាត់ជួយលក់ហ្នឹង គឺអត់មានចាំបាច់ទាល់តែរកភ្នាក់គាត់ឱ្យមកជួយដើរលក់ទេ គឺសុំលក់នៅក្នុងថ្នាលបច្ចេកវិទ្យារបស់គាត់ហ្នឹងឯង ដើម្បីដាក់ផលិតផលរបស់យើងនៅលើហ្នឹង គឺអតិថិជនរាប់រយលាននាក់ នៅលើពិភពលោកមាន។ ហើយកាលខ្ញុំទៅទីនោះ ខ្ញុំឃើញមៀនប៉ៃលិន លក់តាមអាលីបាបាសាកមួយកុងតៃន័រដំបូងគឺដំណើរការ បានន័យថាអ្នកលក់ផ្ទាល់មានលទ្ធភាព ដោយមិនចាំបាច់នេះទេ។ ហើយមិនមែនតែផលិតផលកសិកម្មទេ អាលីបាបា អាចយកផលិតផលសិប្បកម្ម និងផលិតផលផ្សេងទៀតដែលស្រុកយើងអាចលក់បាន» ។
សម្តេចធិបតី បន្ថែមថា ការដាក់លក់មៀនប៉ៃលិនកម្ពុជានៅលើទីផ្សារអាលីបាបា គឺជាការបើកច្រកមួយទៀតតាមរយៈបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងឱ្យផលិតផលរបស់កម្ពុជាអាចមានលទ្ធភាពលក់ទៅដល់ដៃអតិថិជននៅក្រៅប្រទេស។ សម្តេចក៏បានណែនាំដល់អ្នកពាក់ព័ន្ធត្រូវទាញផលពីបច្ចេកវិទ្យា ដើម្បីលក់ផលិតផលរបស់កម្ពុជា ជាពិសេសកសិផល នៅលើថ្នាលបច្ចេកវិទ្យានៅកម្ពុជា ហើយត្រូវធានាគុណភាព និងស្តង់ដារផលិតផល ៕
