រដ្ឋបាលជលផល-គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពីស្ថានភាពត្រីបបែលយក្ស ទឹកសាបក្នុងតំបន់ទន្លេមេគង្គ និងការទទួលវិញ្ញាបនបត្រ ស្តីពីត្រីទឹក សាបធំបំផុត ពីស្ថាប័នកំណត់ត្រាពិភពលោក
ភ្នំពេញ៖ សិក្ខាសាលាអន្តរជាតិ ស្តីពីស្ថានភាពត្រីបបែលយក្ស ទឹកសាបក្នុងតំបន់ទន្លេមេគង្គ និងការទទួលវិញ្ញាបនបត្រ កំណត់ត្រាពិភពលោក ស្តីពីត្រីទឹក សាបធំបំផុតពីស្ថាប័នកំណត់ត្រាពិភពលោក បានរៀបចំឡើងនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងភ្នំពេញ។ សិក្ខាសាលាថ្នាក់អន្តរជាតិនាថ្ងៃនេះ ប្រារព្ធឡើង ក្រោមកិច្ចផ្តួចផ្តើមរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលសហការជា មួយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មានគោលបំណងប្រមូលព័ត៌មានពីស្ថាន ភាពត្រីបបែលយក្សទឹកសាបពីភាគីអ្នកពាក់ព័ន្ធមកពីតំបន់នានា ដែលអាចឱ្យអ្នកស្រាវជ្រាវសំយោគព័ត៌មាន សម្រាប់ការធ្វើផែនការស្រាវជ្រាវ ការពារ និងអភិរក្សត្រីបបែបយក្សនៅក្នុងទន្លេមេគង្គនៅ ក្នុងប្រទេសកម្ពុជា ទន្លេនានានៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបដទៃទៀត។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ទទួលថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ធ្វើការសហការជា មួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ដើម្បីបង្កើនការយល់ដឹង សមត្ថភាពនៃការគ្រប់គ្រង មុខងារដ៏សម្បូរបែបនៃទន្លេមេង្គសម្រាប់ធនធានជលផល និងធនធានវារីសត្វដទៃទៀត និងមនុស្សជាតិទាំងមូល។ គោលដៅនៃសិក្ខាសាលានេះ គឺសំយោគ ចែករំលែកទិន្នន័យ ព័ត៌មានជីវសាស្ត្រ និងតួនាទីនៃប្រព័ន្ធអេកូឡូស៊ី (ទីតាំង សុខ ភាព ទំហំខ្លួន និងជម្រក។ល។) នៃត្រីបបែលយក្ស ទឹកសាបនៅក្នុងទន្លេមេគង្គ និងប្រព័ន្ធទន្លេនានា ដោយមានការចូលរួមពីអ្នកវិទ្យាសាស្ត្រមកពីតំបន់នានានៅលើពិភពលោក និងស្វែងរកដំណោះស្រាយសមស្របក្នុងការរៀបចំផែនស្រាវជ្រាវ ការ ពារ និងអភិរក្សត្រីបបែលទឹកសាបទាំង អស់នេះ។
លើសពីនេះទៀត អ្នកចូលរួមទាំងអស់គ្នានឹងចូលរួមពិភាក្សាពីការ កំណត់ ប្រភេទត្រីបបែលយក្សទឹកសាបជាប្រភេទត្រីប្រចាំតំបន់ នៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជាដើម្បីកំណត់ទិសដៅនៃការការពារ។ ត្រីបបែលយក្សទឹកសាប (Urogymnus polylepis) គឺជាត្រីទឹកសាបដែលមាន ខ្លួនធំ និងទម្ងន់ធ្ងន់ជាងត្រីទឹកសាបនានានៅលើពិភពលោក យោងតាមកំណត់ត្រាឯតទគ្គកម្មពិភពលោករបស់ GUIN NESS WORLD RECORDS ចុះកាល ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២។ ត្រីបបែលយក្សទឹកសាប រស់នៅក្នុងប្រព័ន្ធទន្លេមួយចំនួនដូចជា ទន្លេមេគង្គ អាងទន្លេចៅប្រាយ៉ា និងប្រទេសមួយចំនួននៅក្នុងទ្វីបអូសេអានី (Bleeke, 1852)។ ប្រទេសអូស្ត្រាលីក៏បានបញ្ជាក់ពីវត្តមាននៃត្រីបបែលទឹកសាបដែលមានឈ្មោះថា Urogymnus dalyenis ដែលពីមុនស្គាល់ថា Himantura dalyenis។
ប្រភេទត្រីបបែលដែលរស់នៅក្នុងប្រទេសអូស្ត្រាលីនេះមានទំហំខ្លួនតូចជាងបបែលរស់នៅតំបន់អាស៊ីអាគ្នេយ៍ និងត្រូវបានចាត់ជាប្រភេទដែលមានការព្រួយបារម្មណ៍តិចតួចនៅក្នុងបញ្ជីក្រហមនៃអង្គការសហ ភាពអន្តរជាតិដើម្បីការអភិរក្សអន្តរជាតិ (IUCN)។ ទន្លេមេគង្គ ជាទន្លេមួយដែលផ្តល់នូវជីវ ចម្រុះ និងផលិតភាពដ៏សម្បូរបែបនៅលើផែនដី ជាប្រភពទ្រទ្រង់ដល់មច្ឆជាតិជាង ១១០០ប្រភេទ ដោយផ្តល់ជាជម្រកចំណី និងជាកន្លែងបង្កកំណើតដល់ត្រី និងវារីសត្វផ្សេងៗទៀត ក្នុងនោះរួមមានទាំងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជមានជាអាទិ៍៖ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាសាណាក់ និងត្រីបបែលយក្សទឹកសាបផងដែរ។ នៅក្នុងឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបចំនួន០៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ ត្រីបបែលយក្សទី១ និងទី២ចាប់បាននៅថ្ងៃទី០៤ និងទី២៣ ខែ ឧសភា ឆ្នាំ២០២២ មានទម្ងន់ ១៨០ និង១៤៣គីឡូក្រាម។ ចំណែកត្រីបបែលយក្សទី៣ មានទម្ងន់ ៣០០គីឡូក្រាម ដែលមានប្រវែងដងខ្លួនពីច្រមុះដល់ចុងកន្ទុយ ៣,៩៨ម៉ែត្រ និងបានជាប់ក្នុងកំណត់ត្រានៅក្នុងGUINNESSWORLD RECORDS ដែលជាត្រីទឹក សាបធំជាងគេលើពិភពលោក។
អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សអន្តរជាតិ (IUCN) បានវាយតម្លៃស្ថានភាពនៃត្រីបបែលយក្សទឹកសាបប្រភេទនេះថា ជាប្រភេទងាយរងគ្រោះ ដោយសារចំនួនប្រជាករបានធ្លាក់ចុះជាង ៧៩%នៅក្នុងរយៈពេល១សតវត្សចុងក្រោយនេះ។ មានបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យបរិមាណត្រីបបែលយក្សនៅក្នុងធម្មជាតិមានចំនួនថយចុះ រាប់បញ្ចូលទាំងការនេសាទលក្ខណៈគ្រួសារ ការនេសាទពាណិជ្ជកម្ម ការសឹករិចរិលនៃទីជម្រក ការបំពុលសុខ ភាពនៃប្រព័ន្ធអេកូឡូស៊ី និងការសាងសង់ទំនប់វារីអគ្គិសនី។ល។ សូមជម្រាបថា សិក្ខាសាលានៅថ្ងៃនេះ មានការប្រគល់ ជូនវិញ្ញាបនបត្រឯតទគ្គកម្មពិភពលោកដល់ លោកហាស់ សារ៉េត តំណាងលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការផ្តល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេមេគង្គ ៕