មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ធ្វើការវះកាត់ទារកមានអវៈយវៈដៃបួនជើងបួន និងគ្មានរន្ធគូទបានដោយជោគជ័យ

ភ្នំពេញ៖ យោងតាមផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤) បានធ្វើការវះកាត់ទារកអាយុ២ថ្ងៃម្នាក់ ដែលមានអវៈយវៈដៃបួនជើងបួន និងគ្មានរន្ធគូទ បានសម្រេចដោយជោគជ័យ បន្ទាប់ពីធ្វើការវះកាត់ចំនួនបួនលើក ដោយក្រុមវេជ្ជបណ្ឌិតឯកទេសខ្មែរ។
ប្រភពន្តថា ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវ អវៈយវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus and acardius) និងមានរន្ធគូទត្បៀតជិត (Anal imperforation) បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយ ត្រូវបានវះកាត់ដោយ គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។ ទារករូបនេះ បានឆ្លងការវះកាត់៤លើក ដោយជោគជ័យ។ ការវះកាត់លើកទី១គឺ ការវះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការវះកាត់លើកទី២គឺការវះកាត់ដោយចោះពោះវៀនធំដើម្បីអោយទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន។ ការវះកាត់លើកទី៣គឺ ការវះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ។ ការវះកាត់លើកទី៤គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ។ ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើក ទារកមានសុខភាពល្អ មានការលូតលាស់និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។
យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាមញញឹមជាមួយឪពុកម្តាយ ដោយមានការណាត់ជួបគ្រូពេទ្យវះកាត់យើង ៣ខែក្រោយវិញ ដើម្បីបិទពោះវៀនវិញនិងជួសជុលរន្ធគូទ៕
