ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ និងកាន់បិណ្ឌវេនទី១៣ នៅវត្តសោមចន្ទវេឡុវនារាម (ហៅវត្តឫស្សី) ក្នុងក្រុងដូនកែវ

ភ្នំពេញ៖ ឯកឧត្តម អុិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៊ុណ្ណាដាវី រួមជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃព្រសហ្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដាក់កម្រផ្កា គោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិ គម្រប់ខួប ១១ឆ្នាំ និងកាន់បិណ្ឌ និងដាក់បិណ្ឌវេនទី១៣ នៅវត្តសោមចន្ទវេឡុវនារាម ហៅ វត្តឫស្សី ស្ថិតនៅភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ពៅ សុផាន់ណារិទ្ធ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ក្រុងដូនកែវ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តជិតឆ្ងាយចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងលោកជំទាវ បាននាំយកមកនូវបច្ច័យ និងសម្ភារៈ មួយចំនួនមកវេរប្រគេនព្រះសង្ឃរួមមាន៖ អង្ករ ១០០គីឡូក្រាម, ទឹកបរិសុទ្ធ ៧កេស, ទឹកក្រូច ៤កេស, ទឹកត្រី ៣យួរ, ត្រីខ ១កេស, មី ៩កេស និងបច្ច័យ ៧,០០០,០០០រៀល។ បន្ថែមពីនេះដែរ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ បានចូលរួមបច្ច័យកសាងចំនួន ១,០០០ដុល្លារ និង លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បច្ច័យ ២,០០០,០០០រៀលផងដែរ ៕
