ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចសម្រាប់ដឹកនាំ និងសម្របសម្រួលដំណើរការរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងដែនដី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចសម្រាប់ដឹកនាំ និងសម្របសម្រួលដំណើរការរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងដែនដី ក្នុងក្របខ័ណ្ឌនៃដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រយៈពេល៥ឆ្នាំ (២០២៣-២០២៨) ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យគណៈកម្មការចំពោះកិច្ច រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងពិភាក្សា លើការងាររៀបចំផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងដែនដី ក្នុងក្របខ័ណ្ឌនៃដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រយៈពេល៥ឆ្នាំ (២០២៣-២០២៨) របស់ក្រសួងមហាផ្ទៃ។ ឯកឧត្តម សន្តិបណ្ឌិត បានគូសបញ្ជាក់ថា ដើម្បីធានាដល់ការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យបានសម្រេចតាមគោលដៅដែលបានរំពឹងទុក ក្រសួងមហាផ្ទៃ ចាំបាច់ត្រូវរួសរាន់រៀបចំផែនការយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង ការរៀបចំ និងការអនុវត្តមុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យស្របតាមកម្មវិធីគោលនយោបាយជាអាទិភាព និងវិធានការជាគន្លឹះនានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការចំពោះកិច្ច បានធ្វើបទបង្ហាញ ស្តីពី កិច្ចដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងដែនដី ក្នុងក្របខ័ណ្ឌនៃដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រយៈពេល៥ឆ្នាំ (២០២៣-២០២៨)។ ក្នុងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា ភាពចាំបាច់ដែលតម្រូវឱ្យមានផែនការយុទ្ធសាស្ត្រ ដើម្បីធានាដល់ការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដូច្នេះផែនការនេះ ត្រូវបានកំណត់នូវគោលដៅ និងគោលបំណង ក៏ដូចជាចក្ខុវិស័យ ដែលជាបេសកកម្មរបស់ក្រសួងមហាផ្ទៃ ធ្វើជាមូលដ្ឋាននៅក្នុងផែនការយុទ្ធសាស្ត្រនេះ។ ជាថ្មីម្តងទៀត ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីបច្ចេកទេសជាសមាជិកគណៈកម្មការចំពោះកិច្ច ដែលបានរៀបចំសេចក្តីព្រាងពាក់ព័ន្ធនានា ដើម្បីយកមកពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំនារសៀលនេះ។ ជាមួយគ្នានោះ ឯកឧត្តម សន្តិបណ្ឌិត បានស្នើដល់ប្រធានអង្គភាពនីមួយៗ បន្តចូលរួមសហការឱ្យបានពេញលេញ ក្នុងការគាំទ្រ និងបង្កលក្ខណៈងាយស្រួល និងត្រូវចាត់បញ្ជូនមន្ត្រីបង្គោលឱ្យបានទាន់ពេលវេលា ដើម្បីសហការជាមួយមន្ត្រីបច្ចេកទេស ៕
