ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី ៦ នៅវត្តបទុមវតី

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទុមវតី ហៅវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។
នាឱកាសដ៏ឧត្តុងឧត្តមនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំង ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈផ្សេងៗ ចំពោះព្រះរតនត្រ័យដែលជារតនៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោក។
ជាកិច្ចបន្ទាប់ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃទាំងអស់ បានអញ្ជើញសមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីផងដែរ៕
