ឯកឧត្ដម ប៉ុញ សច្ចៈ ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត

ភ្នំពេញ៖ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតចាប់ពីចំណុចសំណង់ស្ទាក់ទឹករលាំងជ្រៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រហូតដល់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រង់ចំណុចសំណង់ទ្វារទឹកទំនប់៧មករា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញានេះ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតផ្នែកខាងលើមិនទាន់មានចំណុចអ្វីគួរឱ្យព្រួយបារម្ភដែលអាចបង្កជំនន់ដល់ផ្នែកខាងក្រោមនៅឡើយទេ។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរ និងមន្រ្តីពាក់ព័ន្ធត្រូវបិទបើកទ្វារទឹក សម្រួលចរន្តទឹកឱ្យសមស្របតាម បរិមាណធារទឹក និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសត្រូវធ្វើការតាមដានជាប្រចាំ ដើម្បីផ្តល់ព័ត៌មានបន្ទាន់ណាមួយដែលនាំឱ្យមានជំនន់ដល់ផ្នែកខាងក្រោមធានាបង្ការហានិភ័យគ្រោះទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ ៕
