ទំនាក់ទំនងការទូតកម្ពុជា-ចិនរយៈពេល៦៥ឆ្នាំមកនេះ មានការរីកចម្រើនគួរជាទីមោទនភាព

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារខេមរវិទូនៃ រាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិនពិធីប្រកាសលទ្ធផល នៃកម្មវិធី “iYunnan“ ដើរមកកាន់ប្រទេសកម្ពុជា ខណៈដែលទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរក្នុងរយៈពេល៦៥ឆ្នាំមកនេះមានការរីកចម្រើនគួរជាទីកត់សម្គាល់។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមហង់ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ,លោកជំទាវ ចឹង យាន (ZENG Yan) រដ្ឋមន្ត្រីក្រសួងឃោសនាការ និងជាសមាជិកអចិន្ត្រៃយ៍គណកម្មការខេត្តយូណាន ,ឯកឧត្តមឯក សំអុលប្រធានសមាគមមិត្តភាពកម្ពុជាចិន, លោក Chang Jian ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ និងសិស្សានុស្សជាច្រើននាក់ផងដែរ។
ឯកឧត្តមហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះថា បានជំរុញឱ្យទំនាក់ទំនងកម្ពុជាចិនកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ដើម្បីវិបុលភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានអរគុណដល់មិត្តចិន ដែលបានផ្តល់ជំនួយ វ៉ាក់សាំង ជាពិសេសការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសចិន។
ឯកឧត្តមឯក សំអុលជាប្រធានសមាគមមិត្តភាពកម្ពុជាចិនបានចាត់ទុកថា កម្មវិធីនេះ ជាផ្នែកមួយដ៏សំខាន់នៃវិស័យវប្បធម៌ និងជាទំនាក់ទំនងដួងចិត្តរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ។ បញ្ជាក់ថាក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងការទូតនៃកម្ពុជា-ចិនកាន់តែរឹងមាំ បន្តពង្រឹងពង្រីកកម្លាំងរួមគ្នា ហើយក៏ជាការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវដែលមានអាយុកាល១០ឆ្នាំនេះ។
លោកជំទាវ ចឹង យាន (ZENG Yan) រដ្ឋមន្ត្រីក្រសួងឃោសនាការ និងជាសមាជិកអចិន្ត្រៃយ៍គណកម្មការខេត្តយូណាន បានមានប្រសាសន៍ថា ពពិធីសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន, ពិធីប្រកាសលទ្ធផល នៃកម្មវិធី “iYunnan“ ដើរមកកាន់ប្រទេសកម្ពុជានេះ គឺជាការបន្តពូនជ្រុំនៃទំនាក់ទំនងកម្ពុជា-ចិនក្នុងសម័យថ្មីមួយទៀត។
ជាមួយគ្នានេះដែរ លោក Chang Jian ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ផងដែរ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណងការទូតប្រទេសយើងទាំងពីរកាន់តែរឹងមាំទ្វេដង។ ចិននៅតែបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ និងបន្តគាំទ្រគ្នាទាំងនៅក្របខណ្ឌទ្វេភាគី តំបន់ និងនៅលើវេទិកាអន្តរជាតិនានា។
កញ្ញា ស៊ុន ម៉ារីយ៉ា និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមទស្សនាកម្មវិធីនេះ បានចាត់ទុកថា កម្មវិធីនេះបានធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងពីគ្នាទៅវិញទៅមក។
ស្រដៀងគ្នានេះដែរ កញ្ញាហុង សិរីរ័ត្ន និស្សិតម្នាក់ទៀត ក៏បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានចូលរួមព្រឹត្តិការណ៍ដ៏ល្អនេះ ព្រោះបានឃើញពីការសម្តែងទម្រង់សិល្បៈបុរាណ និងការបង្ហាញនូវសម្លៀកបំពាក់របស់ប្រទេសយើងទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានិងចិនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ រហូតមកដល់ពេលនេះការផ្លាស់ប្ដូរទំនាក់ទំនងទេ្វភាគី បានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនកក្នុងប្រវត្តិសាស្ត្រ ហើយត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
