ទិដ្ឋភាពស្រស់បំព្រងនៃ«ឧទ្យានអនុស្សាវរីយ៍អង្គរ-តូតាល់អេនើជី»

ភ្នំពេញ៖ ក្រោមគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies ក្រោយពីបានដាក់ឱ្យដំណើរការគម្រោងដាំដើមឈើ ដែលមានឈ្មោះថា «Angkor-TotalEnergies Park» ដែលស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប អស់រយៈពេល២ឆ្នាំកន្លងមក កូនឈើគ្រប់ប្រភេទចំនួនជាង ១៦០០០ដើម លើផ្ទៃដីទំហំ ៨ហិកតា បានធំលូតលាស់ល្អ និងបានប្រែក្លាយទីតាំងនេះជារមណីយដ្ឋានខៀវស្រងាត់ ស្រស់បំព្រង ម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរ និងជាកំផែងបៃតងដ៏រឹងមាំជួយការពារប្រាង្គប្រាសាទពីការខូចខាតដោយសារកត្តាអាកាសធាតុ។
