គណបក្សខ្មែររួបរួមជាតិ អបអរសាទរចំពោះការដាក់បញ្ចូល រមនីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានចេញសេចក្ដីថ្លែងការណ៍ សម្តែងនូវសេចក្តីសោមនស្សរីករាយនិងមោទកភាពក្រៃលែង ដែលអង្គការយូណេស្កូ បានសម្រេចបញ្ចូល រមនីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងសម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការបេតិភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៣។
យោងតាមចេញសេចក្ដីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិ បានឲ្យដឹងថា សូមចូលរួមជាមួយបងប្អូនជនរួមជាតិខ្មែរ សម្តែងនូវអំណរសាទរយ៉ាងកក់ក្តនិង រីករាយក្រៃលែងជាទីបំផុត ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្រេចដាក់បញ្ចូល រមនីយដ្ឋានប្រាសាទកោះ ករ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាលទ្ធផលនៃការប្រឹងប្រែងគ្រប់បែបយ៉ាង និងលំបាកស្មុគស្មាញរយៈពេល ជាយូរ របស់ភាគីពាក់ព័ន្ធជាច្រើន មានក្រសួង ស្ថាប័ននានា។
គណបក្សខ្មែររួបរួមជាតិ លើកឡើងថា ជោគជ័យនៃការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ៤លើក ជាបន្តបន្ទាប់នេះរួចមកហើយនេះ បានឆ្លុះ បញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការមគ្គុទ្ទេសក៍ដ៏ឈ្លាសវាងវៃនិងទេពកោស្ស សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា សម្រាប់ជា សម្បត្តិរបស់មនុស្សជាតិទាំងមូល និងការពង្រឹងមោទកភាពជាតិ។
ទន្ទឹមនិងនោះគណបក្សខ្មែររួបរួមជាតិ ប្តេជ្ញានិងយកចិត្តទុកដាក់ខ្លាំងក្លា ចូលរួមជាមួយប្រជាពលរដ្ឋនិងសមត្ថកិច្ច ដើម្បីថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិជាមរតកដ៏មហស្ចារ្យឱ្យគង់វង់ស្ថិតស្ថេរជាអំណឹះតទៅ៕

