សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិត គឺមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នាថ្ងៃទី១៥ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិត គឺមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាដើម។
ជាមួយគ្នានោះសម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលនូវផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងការអប់រំ។
ក្នុងន័យនេះ សម្ដេចធិបតី បានគូសរំលេចជូន ឯកឧត្តមប្រធានាធិបតី អំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និងវិនិយោគជាដើម ៕
