ធនាគារ SME អនុម័តកម្ចីជាង ៥០លានដុល្លារ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន ៣៥០

ភ្នំពេញ៖ យោងតាមតួលេខ ដែលបង្ហាញដោយធនាគារ SME នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ធនាគារ SME អនុម័តកម្ចីដល់អាជីវកម្មស្ថិត ក្នុងវិស័យទេសចរណ៍ចំនួន ៣៥០ ឱ្យទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៤.១៦ លានដុល្លារអាមេរិក ឬស្មើនឹង ៣៦.១០% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារ។
តាមតួលេខនេះបង្ហាញថា ការផ្តល់ឥណទានសម្រាប់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ហាក់មានភាពយឺតយ៉ាវជាងការរំពឹងទុក ពោលគឺកំណើនឥណទានកើនឡើងតិចតួចបំផុត បើគិតពីខែមិថុនា ដល់មកខែសីហានេះ កើនឡើងតែ ២អាជីវកម្ម ឬកើនតែ៣៥ម៉ឺនដុល្លារប៉ុណ្ណោះ ដោយកាលពីដំណាច់ខែមិថុនា ការផ្តល់កម្ចីដល់អាជីវកម្មក្នុងវិស័យនេះ មានចំនួន៣៤៨ ក្នុងទំហំទឹកប្រាក់ ៥៣.៨១លានដុល្លារ។
បើតាមធនាគារ SME អាជីវកម្ម ដែលទទួលបានកម្ចីរួមមាន សណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ។
គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់អតិបមា ៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ហើយអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះ នៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕
