សម្តេចតេជោ៖ អ្នករិះគន់ថា ហ៊ុន សែន ផ្ទេរតែតំណែង ប៉ុន្តែមិនផ្ទេរអំណាច នោះជាការអត្ថាធិប្បាយដោយភាពល្ងិតល្ងង់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលរិះគន់ថា សម្តេចទោះបីជាមិនធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែបន្តកាន់អំណាចនោះ ជាការវិភាគ ឬលើកឡើងដោយភាពល្ងង់ខ្លៅ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មានការធ្វើអត្ថាធិប្បាយខ្លះថា ហ៊ុន សែន ផ្ទេរតែតំណែងទេ ក៏ប៉ុន្តែមិនផ្ទេរអំណាច នោះជាការអត្ថាធិប្បាយដោយភាពល្ងិតល្ងង់ របស់អ្នកមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទាបពេក។ អំណាចវាផ្សារភ្ជាប់នឹងមុខតំណែង ខ្ញុំគួរតែបង្រៀននូវអ្នកធ្វើអត្ថាធិប្បាយបែបនេះ តើសមាជិកសភាអនុញ្ញាតឲ្យចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ? តើប្រធានគណបក្សនយោបាយកាន់អំណាច គឺអនុញ្ញាត ឲ្យមានការផ្ទេរអំណាច ឲ្យមានការចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ?» ៕
