ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា នាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ព្រមទាំងលិខិតរំលែកមរណទុក្ខទៅជូនដល់គ្រួសារនៃសពឈ្មោះ ម៉ៅ វង្ស ភេទប្រុស អាយុ៦៧ឆ្នាំ មុខសញ្ញាពិកា ទទួលមរណភាពនៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ស្ថិតក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសពអតីតយុទ្ធជនពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវផងដែរ។
