កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពរៀបចំឡើងវិញនូវ MoU ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ២៥ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ

ភ្នំពេញ៖ ភាគីកម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ ។
ការឯកភាពគ្នានេះធ្វើឡើងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំទ្វេភាគីរវាង ក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមនឹងថ្នាក់ដឹកនាំក្រសួង ដូចជា លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំពាក់ព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធ ស្រូវ អង្ករកម្ពុជា ជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ដោយមានការចូលរួមពីគណៈប្រតិភូមកពីស្ថាប័នពាក់ព័ន្ធ។
ក្នុងជំនួបនោះកម្ពុជា និង ឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដែលបានចែករំលែកទៅវិញទៅមកនូវ ប្រវត្តិសាស្រ្ត សាសនា ការផ្សាភ្ជាប់នយោបាយ រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីកម្ពុជាបាន ពិភាក្សាជាមួយភាគីឥណ្ឌូណេស៊ី នូវលទ្ធភាពការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។
ភាគីកម្ពុជាបានស្នើឱ្យភាគីមិត្ត ឥណ្ឌូណេស៊ីមានកិច្ចសហប្រតិបត្តិការដែលបានផ្តួចផ្តើមដូចខាងក្រោម៖
– ជម្រុញ ការបញ្ជាទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយះយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាព រដ្ឋាភិបាល និងរដ្ឋាភិបាល (G2G), ឯកជន និង ឯកជន (B2B)
– លើកទឹកចិត្ត អ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ
– លើកទឹកចិត្ត និងជម្រុញ ឱ្យមានកិច្ចប្រជុំរវាងធុរកិច្ច ប្រទេសទាំងពីរតាមរយៈជំនួបផ្ទាល់ និងភាគី ពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។
ជាកិច្ចឆ្លើយតប ភាគីឥណ្ឌូណេស៊ី បានឯកភាពចំពោះការលើកឡើងរបស់ភាគីកម្ពុជា និង បានជម្រាបភាគីកម្ពុជានូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ទាំងប្រវត្តិសាស្រ្ត សាសនា វប្បធម៌ ជាពិសេស ការធ្វើពាណិជ្ជកម្មទ្វេភាគីដែលមានទំហំកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ព្រមទាំងមានបំណង ធ្វើកិច្ចសហប្រតិបត្តិការស្តីពីពាណិជ្ជកម្មអង្ករ ដោយចង់នាំអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ីក្នុងគោលបំណងរក្សាបាននូវសុវត្ថិភាពស្បៀង និការប្រើប្រាស់ក្នុងប្រទេសផងដែរ។
ជាលទ្ធិផលនៃកិច្ចជំនួបទ្វេភាគីរវាង កម្ពុជា និងឥណ្ឌូណេស៊ីបានឯកភាពគ្នាដូចខាងក្រោម៖
១. ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។
២. ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។
៣. ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ៕
