សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់មេទ័ពជើងគោកឥណ្ឌូនេស៊ី ថាកងទ័ពជាអ្នកការទូតសន្តិភាព

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត DUDUNG ABDURACHMAN មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កងទ័ពជាអ្នកការទូតសន្តិភាព ។
ឯកឧត្តម DUDUNG ABDURACHMAN បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមផ្ទាល់ ជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកស្ដីទី ម៉ៅ សុផាន់ ដែលក្នុងនោះ មានកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការជំរុញឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍កាន់តែខ្លាំងឡើង, ការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំងពីរ និងជាពិសេសការពង្រីកវិសាលភាពនៃការហ្វឹកហាត់កងទ័ព។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឲ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុកថា កងទ័ពជាអ្នកការទូតសន្តិភាព៕
