យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់ ក្នុងឧប្បត្តិហេតុក្រឡាប់រថយន្តក្រុងនៅភាគខាងលិចប្រទេសម៉ិកស៊ិក

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់នៅភាគខាងលិចប្រទេសម៉ិកស៊ិក នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរបានធ្លាក់ពីលើផ្លូវហាយវេចូលទៅក្នុងជ្រោះមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា អ្នកដំណើរភាគច្រើនជាជនបរទេស ហើយខ្លះទៀតកំពុងធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។
ពេលធ្វើដំណើរទៅកាន់ទីក្រុងព្រំដែនភាគខាងជើងនៃទីក្រុង Tijuana រថយន្តក្រុងបានដឹកអ្នកដំណើរប្រហែល ៤២ នាក់ រួមទាំងពលរដ្ឋមកពីប្រទេសឥណ្ឌា សាធារណរដ្ឋដូមីនីកែន និងប្រជាជាតិអាហ្វ្រិក។
រដ្ឋាភិបាលរដ្ឋ Nayarit បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកបររថយន្តក្រុងត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរសង្ស័យថាគាត់បើកបរក្នុងល្បឿនលឿនបត់ចូលផ្លូវ។
ក្រុមមន្ត្រីបានឲ្យដឹងថា ពួកគេនៅតែធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់កាលពីរសៀលថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលរដ្ឋបានបន្តថា មនុស្សប្រហែល ២០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។
ក្រុមមន្ត្រីបានបន្តថា ឡានក្រុងដែលជាផ្នែកមួយនៃខ្សែអ្នកដំណើរ Elite បានធ្លាក់នៅជិត Barranca Blanca នៅលើផ្លូវហាយវ៉េនៅខាងក្រៅរដ្ឋធានី Tepic របស់រដ្ឋ។
លោក Jorge Benito Rodriguez លេខាធិការសន្តិសុខ និងការពារជនស៊ីវិលរបស់ Nayarit បានឲ្យដឹងថា ការជួយសង្គ្រោះមានការលំបាកខ្លាំងណាស់ ខណៈដែលជ្រោះនេះមានជម្រៅប្រហែល ៤០ ម៉ែត្រ (១៣១ ហ្វីត) ។
យោងតាម Reuters ទាំងក្រុមហ៊ុនរថយន្តក្រុង និងវិទ្យាស្ថានធ្វើចំណាកស្រុករបស់ម៉ិកស៊ិក មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
កាលពីខែមុន គ្រោះថ្នាក់រថយន្តក្រុងនៅរដ្ឋ Oaxaca ភាគខាងត្បូង បានបណ្តាលឲ្យមនុស្ស ២៩ នាក់ស្លាប់ ហើយក្នុងខែកុម្ភៈ រថយន្តក្រុងដឹកជនចំណាកស្រុកមកពីអាមេរិកខាងត្បូង និងកណ្តាល បានធ្លាក់នៅកណ្តាលទីក្រុងម៉ិកស៊ិក សម្លាប់មនុស្ស ១៧ នាក់។
ប្រភព៖ Ariana News
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
