សម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងមិនជះឥទ្ធិពល លើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលថ្មីឡើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចនឹងមិនព្យាយាមជះឥទ្ធិពល ទៅលើការងាររបស់រាជរដ្ឋាភិបាលនោះឡើយ ដោយទុកលទ្ធភាពឱ្យនាយករដ្ឋមន្ត្រីថ្មី ចាត់ចែងការងារ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នាថ្ងៃទី៣ សីហា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមបញ្ជាក់នៅទីនេះថា យើងមិនព្យាយាមក្នុងការជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី របស់រដ្ឋមន្ត្រីនានាតាមស្ថាប័ននោះទេ និយាយជារួមយើងនឹងមិនព្យាយាមជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនោះឡើយ»៕
