ឯកឧត្តម អ៊ូច ភា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីវឌ្ឍនភាព នៃការអនុវត្តការងារគនេយ្យភាពសង្គមរបស់រដ្ឋបាលខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីវឌ្ឍនភាព នៃការអនុវត្តការងារគនេយ្យភាពសង្គមរបស់រដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ កិម គឹមអាង សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារគនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុក និងអភិបាលរង ស្រុក មន្រ្តីអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ចាក់ថា ការប្រើប្រាស់គណនេយ្យភាពសង្គម អាចបង្កើនប្រសិទ្ធភាពសង្គមរបស់យើងធ្វើឱ្យសេវាសាធារណៈបម្រើដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរ និងបង្កើនការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋរបស់យើងបានផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា គណនេយ្យភាពសង្គម គឺជាកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណង ដើម្បីផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គណនេយ្យភាពសង្គមបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានាដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិបទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋានផងដែរ ៕
