សម្តេចតេជោ ហ៊ុន សែន អរគុណដល់ជនរួមជាតិចំពោះការគាំទ្រលើនាយករដ្ឋមន្ត្រីថ្មីឯកឧត្ដម ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដល់ជនរួមជាតិខ្មែរចំពោះការគាំទ្រលើនាយករដ្ឋមន្ត្រីថ្មីឯកឧត្ដម ហ៊ុន ម៉ាណែត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមតេលេក្រាមរបស់សម្ដេច នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះថា “អរគុណបងប្អូនជនរួមជាតិចំពោះការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន”។
សូមរំលឹកថា ក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានប្រកាសថាលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ ហើយការងារបន្តនឹងត្រូវប្រគល់ជូននាយករដ្ឋមន្ត្រីបន្ទាប់គឺលោក ហ៊ុន ម៉ាណែត។ សម្ដេចតេជោ បញ្ជាក់ថាការលះបង់របស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា៕
