ចិន រុស្ស៊ី នឹងចាប់ផ្តើមសមយុទ្ធដែនអាកាស និងសមុទ្ររួមគ្នា នៅតំបន់សមុទ្រជប៉ុន

ប៉េកាំង៖ កងនាវាចរកងទ័ពជើងទឹកចិន បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នៅតំបន់សមុទ្រជប៉ុន ក្នុងសមយុទ្ធមួយដែលមានគោលបំណង ការពារសន្តិសុខផ្លូវទឹកយុទ្ធសាស្ត្រ នេះបើយោងតាមក្រសួងការពារជាតិចិន។
សមយុទ្ធនេះមានឈ្មោះថា Northern/Interaction-២០២៣ ជាការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ហើយកំពុងប្រព្រឹត្តទៅ ខណៈដែលទីក្រុងប៉េកាំងនៅតែបន្តបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យបន្តទំនាក់ទំនងយោធាឡើងវិញ។
ក្រសួងបានឲ្យដឹងនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា កងនាវាចិនមាននាវាចម្បាំងចំនួន ៥ គ្រឿង និងឧទ្ធម្ភាគចក្រផ្ទុកដោយកប៉ាល់ចំនួន ៤ គ្រឿងបានចាកចេញពីកំពង់ផែភាគខាងកើតនៃទីក្រុង Qingdao ហើយនឹងជួបជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ដែលបានកំណត់ទុកជាមុន។
កាលពីថ្ងៃសៅរ៍ ក្រសួងបានបន្តថា កងកម្លាំងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ីនឹងចូលរួមក្នុងសមយុទ្ធដែលធ្វើឡើងនៅសមុទ្រជប៉ុន។
នេះជាលើកទីមួយហើយដែលកងកម្លាំងរុស្ស៊ីទាំងពីរចូលរួមក្នុងសមយុទ្ធនេះ កាសែតរដ្ឋ Global Times បានដកស្រង់សម្តីក្រុមអ្នកសង្កេតការណ៍យោធា។
Gromkiy និង Sovershenniy ជានាវាចម្បាំងរុស្ស៊ីពីរគ្រឿងដែលចូលរួមក្នុងសមយុទ្ធសមុទ្រជប៉ុនកាលពីដើមខែនេះ បានធ្វើការហ្វឹកហាត់ដាច់ដោយឡែកជាមួយកងទ័ពជើងទឹកចិនក្នុងទីក្រុងសៀងហៃ លើចលនាបង្កើតទំនាក់ទំនង និងការជួយសង្គ្រោះតាមសមុទ្រ។
មុនពេលបង្កើតកំពង់ផែនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃ កប៉ាល់ដូចគ្នាបានធ្វើដំណើរឆ្លងកាត់តៃវ៉ាន់ និងជប៉ុន ដោយជំរុញឱ្យទីក្រុងតៃប៉ិ និងតូក្យូ ត្រួតពិនិត្យនាវាចម្បាំងរុស្ស៊ី។
ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្សុី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសភាពជាដៃគូ គ្មានដែនកំណត់ ដែលពួកគេបានឲ្យដឹងថាមានគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
ផ្នែកគួរឱ្យកត់សម្គាល់មួយនៃភាពជាដៃគូគឺកិច្ចសហប្រតិបត្តិការយោធា។
នៅពេលដែលរដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បានជួបជាមួយប្រមុខកងទ័ពជើងទឹករុស្ស៊ី ឧត្តមនាវីឯក Nikolai Yevmenov នៅទីក្រុងប៉េកាំងក្នុងខែនេះ ភាគីទាំងពីរបានសន្យាជាថ្មីថានឹងពង្រឹងទំនាក់ទំនងយោធា។
អគ្គសេនាធិការចម្រុះចិន លោក Liu Zhenli និងទាហានកំពូលរបស់រុស្ស៊ី អគ្គសេនាធិការ Valery Gerasimov បានសន្យាដូចគ្នាក្នុងអំឡុងពេលហៅជាវីដេអូកាលពីខែមិថុនា។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
