វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដឹកនាំកម្លាំងអាវុធហត្ថជាស្រ្តី ចុះដល់មូលដ្ឋានប្រជាជនស៊ូដង់ខាងត្បូង ដើម្បីស្វែងរកបញ្ហាប្រឈម និងផលលំបាកនានា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ មេបញ្ជាការរង ទទួលបន្ទុកផ្នែកប្រតិបត្តិការ និងយែនឌ័រ កងអនុសេនាធំរាជអាវុធហត្ថលេខ ១៧១ បានដឹកនាំកងកម្លាំងរាជអាវុធហត្ថជាស្រ្តី ចូលរួមជាមួយមន្ត្រីការិយាល័យ G3, ការិយាល័យផ្សេងៗទៀត និងកងកម្លាំងស្រ្តីតាមកងឯកភាពនានាប្រចាំភូមិភាគជូបា (Sector JUBA) ក្នុងប្រតិបត្តិការល្បាតរបស់កងកម្លាំងជាស្រ្តី (Exclusive Female Engagement Patrol) ក្នុងតំបន់ Gudelle West Block 2 នៃរដ្ឋធានីជូបា។
ក្នុងប្រតិបត្តិការល្បាតរបស់កងកម្លាំងជាស្រ្តីនេះ បានធ្វើឡើងដើម្បីចុះដល់មូលដ្ឋានរបស់ប្រជាជនស៊ូដង់ខាងត្បូង ដើម្បីស្វែងរកបញ្ហាប្រឈម ផលលំបាកនានា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ដោតសំខាន់លើបញ្ហាអំពើហឹង្សាលើស្រ្តី និងកុមារដែលងាយរងគ្រោះ ពីមជ្ឈដ្ឋានជុំវិញក្នុងការប្រកបរបរ ការងារ និងការសិក្សាជាដើម។
លើសពីនេះ កងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជា បានពាំនាំអំណោយរាជរដ្ឋាភិបាលកម្ពុជា មានដូចជាសម្ភារៈមួយចំនួនក្នុងការប្រើប្រាស់ប្រចាំថ្ងៃដល់តំណាងសហគមន៍នារីដើម្បីចែកជូនគ្រួសារដែលបានចូលរួមផងដែរ ៕
