លោក Qu Dongyu ជាប់ឆ្នោតជាអគ្គនាយក FAO ឡើងវិញ

រ៉ូម៖ លោក Qu Dongyu ត្រូវបានជ្រើសរើសជាថ្មីជាអគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) នៅទីនេះកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលសម័យប្រជុំលើកទី៤៣ នៃសន្និសីទ FAO ដែលកំពុងបន្ត។
លោក Qu Dongyu ត្រូវបានជ្រើសរើសជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០១៩ ដើម្បីដឹកនាំទីភ្នាក់ងារអង្គការសហប្រជាជាតិ និងជាជនជាតិចិនដំបូងគេដែលបម្រើការនៅក្នុងមុខតំណែងនេះ។
ចាប់តាំងពីចូលកាន់តំណែងមក លោក Qu Dongyu បានដឹកនាំ FAO យ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀងជាសកល ហើយរួមចំណែកដល់ការអភិវឌ្ឍន៍ស្បៀងអាហារ និងកសិកម្មនៃប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ កិច្ចខិតខំប្រឹងប្រែងរបស់គាត់ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយប្រទេសជាសមាជិក FAO។
FAO បង្កើតឡើងក្នុងឆ្នាំ១៩៤៥ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី FAO គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិឈានមុខគេក្នុងកិច្ចសហប្រតិបត្តិការលើវិស័យម្ហូបអាហារ និងកសិកម្ម។ អង្គការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរគោលនយោបាយម្ហូបអាហារ និងកសិកម្មសកល ការកំណត់ស្តង់ដារ ការប្រមូលព័ត៌មាន និងស្ថិតិ។
ប្រភព៖ Xinhua
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]
