សម្តេចតេជោ ហ៊ុន សែន៖ វិសោធនកម្មច្បាប់បោះឆ្នោត មិនមែនជាការកាត់សិទ្ធិពលរដ្ឋទេ ប៉ុន្តែគឺដើម្បីការពារនូវភាពសុខសាន្តរបស់ពលរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការរៀបចំវិសោធនកម្មច្បាប់បោះឆ្នោត នាពេលនេះ មិនមែនជាការកាត់សិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែដើម្បីការពារនូវភាពសុខសាន្ត និងដំណើការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។
ក្នុងឱកាសជួបកម្មករ និយោជិតសរុបជិត៧០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «អ្នកឯងមើលក្នុងច្បាប់ ដែលម្សិលមិញព្រឹទ្ធសភាបានបោះឆ្នោត(អនុម័ត) ក្រៅពីពង្រឹងនូវការទទួលខុសត្រូវនៃអ្នកឈរឈ្មោះ អ្នកឯងពិនិត្យមើលអំពីផ្នែកទោសទណ្ឌ នៅមានកាត់សិទ្ធិនយោបាយរបស់អ្នកឯងមិនឱ្យចូលរួមបោះឆ្នោត អាចថាមួយជីវិតថែមទៀត»។
សម្តេចតេជោបន្ថែមថា «ដោយសារពួកអ្នកឯងរុកចុះរុកឡើង វិធានការច្បាប់ត្រូវបានប្រកាន់យក មិនមែនជាការកាត់សិទ្ធិពលរដ្ឋទេ ក៏ប៉ុន្តែគឺដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដំណើការអនុវត្តសិទ្ធិរបស់ពលរដ្ឋ អញ្ចឹងលោកឯងមើលក្នុងច្បាប់ហ្នឹងទៅ ចេញទៅលោកឯងស្រងាកចិត្តហើយ» ៕
