សម្ដេចតេជោ៖ កម្ពុជា នឹងប្តឹងទៅអង្គការសហប្រជាជាតិ បើសិនមានដ្រូនបន្តហោះចូលដែនដីកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានថា កម្ពុជានឹងប្តឹងទៅអង្គការសហប្រជាជាតិ (UN) បើមានដ្រូនបន្តហោះចូលដែនដីកម្ពុជា ហើយសម្តេចតេជោ បានអំពាវនាវដល់ប្រទេសអាស៊ាន រួមគ្នាប្រឆាំងនឹងការប្រើដ្រូនចូលទឹកដីប្រទេសជាសមាជិក។
ក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «យើងមានមធ្យោបាយដើម្បីបំផ្លាញដ្រូន។ មកធ្វើអី? ទឹកដីរបស់យើងមិនអនុញ្ញាតឲ្យនរណាមកឈ្លានពានទេ។ ក្រសួងការបរទេស ក៏បានចេញសេចក្តីថ្លែងការណ៍ហើយដែរ ហើយខ្ញុំពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុនថា បើសិនជាបន្តទៅទៀត យើងធ្វើលិខិតជូនអង្គការសហប្រជាជាតិតែម្តង ដើម្បីឲ្យជួយពិនិត្យមើលផ្នែកណាមួយ ដែលរដ្ឋអធិបតេយ្យមួយ ត្រូវគេបង្ហោះអាកាសយានចូលក្នុងស្រុកយើង តើជាអំពើភេរវកម្មទេ? យើងក៏គួរតែសរសេរទៅកាន់ប្រធានអាស៊ានផងដែរ ដើម្បីថា ប្រទេសយើងត្រូវញាំញីទៅដោយដ្រូន ដោយមិនមានអត្តសញ្ញាណ» ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមិថុនា ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ ដោយលើកឡើងថា ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភ បំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា ៕
